កណ្តាល៖ មេភូមិ និងប្រជាពលរដ្ឋក្នុងសហគមន៍ព្រែកស្ពានថ្មជិត ២០០គ្រួសារ នៅក្នុងឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល បានប្រតិកម្ម និងច្រានចោលការចោទប្រកាន់ទាំងឡាយ ដែលត្រូវបានចុះផ្សាយតាមសារព័ត៌មាន និងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ពាក់ព័ន្ធទំនាស់ដីធ្លីនៅចំណុចដីទំនាស់ចុងព្រែកតូច ភូមិព្រែកតូច ឃុំព្រែកទន្លាប់។
ប្រតិកម្មនេះបានកើតឡើងភ្លាមៗ ក្រោយមានពលរដ្ឋតែមួយគ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋក្នុងសហគមន៍ជិត ២០០គ្រួសារ បានបញ្ចេញមតិជាឃ្លីបវីដេអូ ហើយត្រូវបានគេយក ទៅចុះផ្សាយដោយចោទប្រកាន់អាជ្ញាធរឃុបឃិតគ្នា យកដីសហគមន៍ព្រែកស្ពានថ្ម ហៅ ដីហ៊ុនព្រែក លក់ឲ្យឈ្មួញរួមទាំងដីរបស់ខ្លួនដែលមិនបានផ្តិតមេដៃលក់។
បញ្ហានេះបានធ្វើឲ្យលោកមេភូមិ និងប្រជាពលរដ្ឋក្នុងសហគមន៍កើតទុក្ខមិនសុខចិត្តដោយលើកឡើងថា ព័ត៌មាននេះ គឺជាការមួលបង្កាច់ និងធ្វើឲ្យប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ពួកគាត់ រហូតស្នើសុំលោក ងី សារី មេឃុំព្រែកទន្លាប់ជួយរយយុត្តិធម៌។
ពាក់ព័ន្ធការស្នើសុំនេះនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ លោក ងី សារី មេឃុំព្រែកទម្លាប់ បានកោះហៅភាគីទាំងអស់មកកាន់សាលាឃុំ ដើម្បីសម្របសម្រួលកុំឲ្យមានការប្តឹងផ្តល់ និងពន្យល់លើកពីប្រវត្តិការបង្កើតសហគមន៍ព្រែកស្ពានថ្ម ហៅ ហ៊ុនព្រែក ដើម្បីឲ្យក្រុមគ្រួសារកូនចៅលោកតា ឈួន ឈិន បានដឹងឮផងដែរ។
បើតាមមន្រ្តីអាជ្ញាធរមូលដ្ឋាន កាលពីឆ្នាំ១៩៩៤ ប្រជាពលរដ្ឋក្នុងភូមិ បានព្រមព្រៀងបោះឆ្នោត ជ្រើសរើស ប្រធានគណៈកម្មការបង្កើតសហគមន៍ព្រែកស្ពានថ្ម និងបានប្រគល់ដីរបស់ខ្លួន ដែលកាប់ឆ្ការព្រៃដីបឹង នោះឲ្យទៅគណៈកម្មការព្រែកស្ពានថ្មគ្រប់គ្រង ដើម្បីជីកស្តារព្រែកស្ពានថ្មតាមក្បាលដីរៀងៗខ្លួន ដោយកម្លាំងពលកម្មហើយប្រជាពលរដ្ឋមានឈ្មោះទទួលបានរបបអង្ករ និងទទួលបានដីមកវិញ។ ក្នុងនោះលោកតាឈួន ឈិន ដែលជាឪពុករបស់ឈ្មោះ ឈិន ផា, ឈិន យ៉ាន, ឈិន ភាព និងឈ្មោះ ឈិន សុភា ក៏បានយល់ព្រមប្រគល់ដីឲ្យ គណៈកម្មការសហគមន៍ ព្រែកស្ពានថ្មផងដែរ ហើយការប្រគល់ដីនោះ ប្រជាពលរដ្ឋនៅក្នុងភូមិព្រែកតូចជិត ២០០គ្រួសារ មិនមានផ្តិតមេដៃប្រគល់ដូចៗគ្នា។
ប៉ុន្តែទោះបីលោកមេឃុំខិតខំសម្របសម្រួលពន្យល់យ៉ាងណាក៏ដោយ ក៏ក្រុមគ្រួសារកូនចៅលោកតា ឈួន ឈិន នៅតែទទូចស្នើសុំឲ្យមេឃុំ ជួយរកយុត្តិធម៌ និងទាមទារយកដីដែលឪពុករបស់ខ្លួន ប្រគល់ឲ្យគណៈកម្មការព្រែកស្ពានថ្មដដែល។ ការទាមទារនេះ បានធ្វើឲ្យប្រជាពលរដ្ឋក្នុងភូមិប្រតិកម្មជាខ្លាំង ដោយលើកឡើងថា ដីនោះត្រូវលោកតា ឈួន ឈិន លក់អស់ហើយតាំងពីគាត់ (ឈួន ឈិន) មិនទាន់ស្លាប់ម្ល៉េះ ហើយការលក់ដីនេះក្រុមគ្រួសារកូនចៅក៏បានដឹងដែរ។
លោក សុខ បូ មេភូមិព្រែកតូច បានឱ្យដឹងថា បញ្ហាព្រែកស្ពានថ្ម ហៅព្រែកស្ពានទី៣នេះ គឺបានកកើតចាប់ជីក ស្តារតាំងពីឆ្នាំ១៩៩៤មកម្ល៉េះ។ លោកថា «ដីហ៊ុនព្រែកយើងចែកឱ្យបងប្អូន ដោយសារប្រជាជនរំលាយកម្មសិទ្ធិ ចូលមកហ៊ុនព្រែកចែកបានម្នាក់១ម៉ែត្រៗ មានប៉ុន្មានគ្រួសារចែកមួយហ៊ុនៗម្នាក់អញ្ចឹងទៅ។ ទី២យើងចែកហ៊ុនថ្មី មុននឹងការចុះវាស់វែងបានឯកភាពអស់ហើយ លើដីទាំងនោះថា រំលាយចោលកម្មសិទ្ធិទាំងអស់ដាក់ចូលជាហ៊ុនព្រែក ទើបគណៈកម្មការព្រែកមានសិទ្ធធ្វើការងារវាស់វែង បែងចែកស្នើឱ្យភូមិឃុំជួយចូលរួម។ ដូច្នេះការវាស់វែងគឺមានក្រុមការងារ ភូមិឃុំ គណៈកម្មការព្រែក មេក្រុមទាំងអស់បានវាស់វែងចែក។ ការចែកមានការប៉ះពាល់ ឧបមាថា វាស់ទៅកន្លែងខ្លះគេអត់មានដីហ៊ុនទេ តែប៉ះពាល់កម្មសិទ្ធិរបស់គេ អញ្ចឹងគេរំលាយចូល ក្នុងហ៊ុនព្រែក និងសុំតែមួយហ៊ុនប៉ុណ្ណោះ។ ចំពោះបងប្អូនខ្លះ មានហ៊ុនដែរនៅក្នុងហ្នឹង តែប៉ះពាល់ដីច្រើន ក៏សុំពង្រីកហ៊ុននោះទៀត អញ្ចឹងហ៊ុនចាស់ និងហ៊ុនថ្មី គឺខុសគ្នា ហ៊ុនថ្មីអាចកើនឡើង ហ៊ុនចាស់អាចនៅដដែល»។
លោកបន្តថា អ្នកតវ៉ារឿងដីនោះ ដែលមានឪពុកឈ្មោះ ឈួន ឈិន គឺដីគាត់ដាក់ចូលក្នុងហ៊ុនព្រែកអស់ហើយ ការបែងចែកគឺពួកគាត់មិនបាននៅហ្នឹងផង ដោយមានមួយនៅព្រៃវែងមួយនៅកោះធំ។ ប៉ុន្តែដោយសារគាត់នៅ ក្នុងបន្ទុកគ្រួសារ អញ្ចឹងបើឪពុកបានរបបហើយ កូនចង់បានរបបអីទៀត។ មួយទៀត ពលរដ្ឋខ្លះ ខ្ជិលជីកស្តារហើយចង់បានហ៊ុននឹងគេចាំតែយកស្រាប់ៗ តើអ្នកណាគេឱ្យ?
ចំពោះអ្នកដែលមានកូន តវ៉ានោះ គឺគាត់បានហ៊ុនទាំងដីលើ ទាំងដីក្រោម ហើយគាត់បានយកដីនោះលក់អស់ហើយ គឺគាត់លក់ដីខាងលិចជិតភូមិដែលបានថ្លៃ ចំណែកដីខាងក្រោមគាត់មិន រវីរវល់ចង់បាន ដោយមិនចូលរួមជីកស្តារព្រែក។ លុះពេលដីមានតម្លៃថ្លៃ ស្រាប់តែមកនាំគ្នាទាមទារយកដីរបស់ឪពុកគាត់វិញទៀត។
បើតាមលោកមេភូមិ ភាគរយនេះអ្នកចូលហ៊ុនប្រមាណ ២០០គ្រួសារ មិនបានមកធ្វើការតវ៉ាអីទេ គឺតវ៉ាតែមួយគ្រួសារនេះប៉ុណ្ណោះ ហើយមិនមែនតវ៉ាពីមុនទេ គឺទើបតែមកតវ៉ាប្រមាណមួយខែនេះ។ ចំណែកលោកស្រី សេង ហួយ ជាប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋសហគមន៍ស្ពានថ្ម ក៏បានប្រតិកម្មផងដែរថា អ្នកស្រីបានឈូសឆាយរំលោភយកដីរបស់ក្រុមគ្រួសារកូនចៅលោកតាឈួន ឈិន។
អ្នកស្រីថា «ការលើកឡើងនេះ ជាការមួលបង្កាច់ផ្ទុយពីការពិតទាំងស្រុង ប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងអាជ្ញាធរសូមច្រានចោលទាំងស្រុង និងទាមទារស្វែងរកយុត្តិធម៌វិញផងដែរ»៕