ភ្នំពេញ៖ ក្លឹបអ្នកកាសែតកម្ពុជា បានប្រកាសថា អ្នកសារព័ត៌មានចំនួន៩៥រូប មកពី៦៧អង្គភាព បានចូលរួមពិភាក្សា និងអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពី វេទិកានិពន្ធនាយកសារព័ត៌មានលើកទី១៦ ក្រោមប្រធានបទ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកម្ពុជាក្នុងយុគសម័យ៤.០ ” របស់ក្លិបអ្នកកាសែតកម្ពុជា ដែលបានសម្រេចនៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ។
ដើរឲ្យទាន់ការវិវឌ្ឍផ្នែកបច្ចេកវិទ្យាព័ត៌មានក្នុងយុគសម័យ ៤.0, វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក)លើកទី១៦ ដែលជាវេទិកាប្រចាំឆ្នាំធំបំផុតរបស់ក្លិបអ្នកកាសែតកម្ពុជា បានលើកយកប្រធានបទ “សារព័ត៌មានកម្ពុជាក្នុងយុគសម័យ ៤.០” មកពិភាក្សា។
ក្រោយពីបានជជែក និងពិភាក្សាគ្នាយ៉ាង ផុលផុស វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឆ្នាំ ២០១៩ ដែលមាននិពន្ធនាយក បណ្ណាធិការ ចាងហ្វាងឬតំណាងសារព័ត៌មានចំនួន៩៥នាក់មកពី ៦៧អង្គភាពបានសម្រេច ចេញសេចក្តីថ្លែងការណ៍រួមដែលមាន១៤ចំណុចដូចខាងក្រោម៖
វ.ន.ស.ក, យល់ឃើញថា ការបណ្តុះបណ្តាលធនធានមនុស្សផ្ទៃក្នុងគឺជាបញ្ហាសំខាន់ចាំបាច់សម្រាប់ ស្តាប័នសារព័ត៌មាននីមួយៗដើម្បីឲ្យអ្នកសារព័ត៌មាន មានចំណេះដឹងគ្រប់គ្រាន់ក្នុងការសរសេរព័ត៌មានឲ្យ ត្រូវនឹងសភាពការណ៍ជាក់ស្តែង។
ក្នុងន័យនេះ វ.ន.ស.ក. សូមលើកទឹកចិត្តឲ្យអង្គភាពសារព័ត៌មាននីមួយៗរៀបចំឲ្យមានវគ្គបណ្តុះបណ្តាល និងវិក្រិតការផ្ទៃក្នុងដល់បុគ្គលិករបស់ខ្លួនជាប្រចាំ។ វ.ន.ស.ក. យល់ឃើញថា ក្លិបអ្នកកាសែតកម្ពុជាក៏ដូចជាសមាគមអ្នកសារព័ត៌មាននានាមានតួនាទី សំខាន់ណាស់ក្នុងការរកធនធានមនុស្ស និងហិរញ្ញវត្ថុ ដើម្បីជួយគាំទ្រដល់ការបណ្ដុះបណ្ដាលអ្នកសារ ព័ត៌មានឲ្យមានចំណេះជំនាញវិជ្ជាជីវៈ ផង និងចំណេះជំនាញផ្នែកបច្ចេកវិទ្យាក្នុងសម័យទំនើបផង។
វ.ន.ស.ក.សូមអំពាវនាវដល់ម្ចាស់អង្គភាពសារព័ត៌មានទាំងអស់សូមបង្កលក្ខណៈងាយស្រួលដល់ អ្នកសារព័ត៌មានរបស់ខ្លួនក្នុងការទទួលបានការបណ្តុះបណ្តាលទាំងក្នុងនិងក្រៅប្រទេសដើម្បីឲ្យពួកគេ បង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈរបស់ខ្លួនជាលំដាប់៕