ភ្នំពេញ៖ តាមរយៈប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការហាមឃាត់ជនបរទេសទាំងអស់ក្នុងប្រទេសកម្ពុជា ក្នុងការប្រកបមុខរបរ និងការងារចំនួន ១០ប្រភេទ។ ប្រកាសនេះធ្វើឡើងកាលពីថ្ងៃទី២៨ ខែសីហា ម្សិលមិញនេះ។
តាមប្រកាសស្តីពី ការកំណត់ប្រភេទមុខរបរ និងការងារ ដែលត្រូវហាមឃាត់ចំពោះជនបរទេស របស់ក្រសួងការងារបានបញ្ជាក់ថា មុខរបរទាំង១០នោះ រួមមាន៖
១៖ អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ជាលក្ខណៈអាជីវកម្មជាអាទិ៍ អ្នកបើកទោចក្រយានយន្ត អ្នកបើកត្រីចក្រយានយន្ត អ្នកបើកទោចក្រយានយន្តសណ្តោងរ៉ឺម៉ក អ្នកបើកម៉ូតូកង់បួន អ្នកបើករថយន្តដឹកអ្នកដំណើរ និងដឹកទំនិញ
២៖ អ្នកលក់ដូរដោយមធ្យោបាយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទ នៅទីសាធារណៈ
៣៖ អ្នកម៉ាស្សា ចាប់សរសៃតាមទីសាធារណៈ
៤៖ អ្នកកាត់សក់ អ៊ុតសក់ និងថែរក្សាសម្ផស្ស
៥៖ អ្នកផ្តល់សេវាកម្មដេរ និងសម្អាតស្បែកជើង
៦៖ អ្នកកាត់ដេរ
៧៖ អ្នកប៉ះកង់ ជាងជួសជុលយានយន្ត
៨៖ អ្នកផលិតវត្ថុអនុស្សាវរីយ៍ខ្មែរ
៩៖ អ្នកផលិតឧបករណ៍ភ្លេងខ្មែរ បាត្រលោក ព្រះពុទ្ធរូប
១០៖ ជាងទង ជាងច្នៃត្បូងពេជ្រ៕