ប៉ៃលិន ៖ គ្រោះថ្នាក់ចរាចរណ៍នៅចំនុចមុខសាលាបឋមសិក្សា ហ៊ុន សែន សាលាក្រៅ បណ្តាលឱ្យយុវសិស្សម្នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀត របួសធ្ងន់ ចំនែករថយន្តបង្កបើករត់លើផ្លូវជាតិ៥៩ បានប្រហែល១៥០ម៉ែត្រ ក៏ទុករថយន្តចោល រួចតៃកុងបានរត់បិតសាប៊ូបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងវេលាម៉ោង ៥:៣០នាទី រសៀលថ្ងៃទី២៦ ខែ១០ឆ្នាំ២០១៥នៅមុខវិទ្យាល័យ ហ៊ុន សែន ស្រុកសាលាក្រៅ ភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បើតាមសាក្សីនៅនឹងកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវតី ០២នាក់ ជិះម៉ូតូលើបណ្ដោយផ្លូវជាតិលេខ ៥៩ ក្នុងទិសដៅពីត្បូងទៅជើង ស្របទិសគ្នាដល់ចំនុចកើតហេតុ ស្រាប់តែម៉ូតូយុវតីក៍បត់ចូលសាលាដើម្បីចូលរៀនគួភាសារអង់គ្លេស ខណ:នោះស្រាប់តែមានរថយន្ត ១គ្រឿងម៉ាកសាំយ៉ុងបើកបរក្នុងទិសដៅ ស្របគ្នា ហើយក៏បុកម៉ូតូយ៉ាងពេញទំហឹង ឃើញយុវតីរបួសដេកស្ដូកស្តឹងនៅនឹងកន្លែង ។ តៃកុងបើកជាន់ហ្វ្រាំងយ៉ាងល្បឿនលឿនបាន១៥០ម៉ែត្រ ក៏ឈប់រថយន្តទុកចោល រត់បាត់ស្រមោល ។
តាមសមត្ថកិច្ចចរាចរស្រុកសាលាក្រៅបានឲ្យដឹងថា រថយន្តបង្ក ដែលបានបើកទៅបុកនិងម៉ូតូ នោះមិនស្គាល់អត្តសញ្ញាណ ដែលបើកបរស្របទិសគ្នាបណ្តាលឱ្យយុវតីម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់។
យុវតីម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់តំណាងរាស្ត្រខេត្តប៉ៃលិនដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនរួចមក គ្រូពេទ្យពិនិត្យឃើញស្ថានភាពធ្ងន់ធ្ងរ ក៏បញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង ។
សមត្តកិច្ចបន្តថា យុវតីពីររូប ដែលត្រូវរថយន្តបុកស្លាប់ម្នាក់រងរបួសម្នាក់នោះ គេស្គាល់ឈ្មោះម៉ែន សាន់រ៉ា ភេទស្រីអាយុ ១៨ឆ្នាំជាសិស្សបានស្លាប់នៅនិងកន្លែង រួមដំណើរ រស់នៅភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសា លាក្រៅ អ្នកបើកម៉ូតូយុវតីម្នាក់ទៀតរងរបួសធ្ងន់ឈ្មោះសំ គន្ធា ភេទស្រីអាយុ១៦ឆ្នាំជាសិស្សរស់នៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ យុវតីម្នាក់នេះបើកបរម៉ូតូម៉ាកសេហុងដាស៊េរី០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន1A 0425 ។ ចំណែករថយន្តបង្កម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាក លេខភ្នំពេញ2AC4102 ។ ម៉ូតូត្រូវបានខូចខាចទាំងស្រង ចំណែករថយន្តសាំយ៉ុងខូចខាចផ្នែកខាងមុខ។
ក្រោយមកសមត្ថកិច្ចចរាចរណ៍ស្រុកនិងខេត្តបានចុះមកវាស់វែង រួចមក ក៏បានយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវកោកខេត្តប៉ៃលិន។ បន្ទាប់ពីពិនិត្យសាកសពយុវតីម្នាក់ដែលស្លាប់រថយន្តបុកនោះ សមត្ថកិច្ចបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកយុវតីម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន រួចគេបញ្ជូនបន្តទៅមន្ទីរ ពេទ្យខេត្តបាត់ដំបង៕