USA៖ ទស្សនិកជនបានសម្តែងនូវការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឮដំណឹងថា តារាសម្តែងស្រីថៃល្បីឈ្មោះ Pancake ត្រូវបានចោរលួចរបស់របរមានតម្លៃជាច្រើនពីរថយន្ត អំឡុងពេលទៅចម្រៀងនៅទឹកដីអាមេរិក។ ការបង្ហាញភាពភ្ញាក់ផ្អើលនេះ គឺដោយសារតែទស្សនិកជនភាគច្រើនគិតថា ជាទូទៅអំពើលួចប្រភេទនេះកើតឡើងភាគច្រើន តែនៅប្រទេសតូចៗ កំពុងអភិវឌ្ឍន៍ មិនទាន់មានប្រព័ន្ធការពារសុវត្ថិភាពជាដើម តែនេះបានកើតឡើងនៅទឹកដីមហាអំណាច គឺសហរដ្ឋអាមេរិក ដែលគ្រប់គ្នាដឹងថាជាប្រទេសអភិវឌ្ឍន៍នោះ។ ជាក់ស្តែង រថយន្តរបស់តារាថៃ Pancake ត្រូវបានចោរវាយកញ្ចក់ខ្ទេច ហើយថែមទាំងលួចរបស់មានតម្លៃជាច្រើនផងដែរ។
តាមរយៈវីដេអូបង្ហោះលើបណ្តាញ Instagram, Pancake បានរៀបរាប់ពីដំណើរដើមរឿងទាំងអស់ គឺក្រោយត្រលប់មកពីបញ្ចប់ការងារនិងដំណើរកម្សាន្តវិញ ក៏បានប្រទះឃើញកញ្ចក់រថយន្តរបស់នាងបែក ហើយកាបូបនៅក្នុងឡាន ដែលមានផ្ទុកនូវឯកសារសំខាន់ៗជាច្រើនដូចជា៖ ការបូបស្ពាយមួយ, កាមេរ៉ា, ទូរស័ព្ទ, Ipad ហើយអ្វីដែលសំខាន់បំផុត គឺលិខិតឆ្លងដែនចំនួនពីរ។ ក្រោយកើតហេតុភ្លាមៗ Pancake បានស្នើឱ្យមានដំណោះស្រាយចំពោះបញ្ហានេះ និងស្នើសុំរៀបចំឯកសារជាថ្មីឲ្យបានលឿនបំផុត ដើម្បីមកប្រទេសថៃវិញ។
Pancake បន្ថែមថា នេះជាលើកដំបូងហើយ ដែលនាងជួបបញ្ហាខាងលើ។ នាងក៏បានផ្ដាំផ្ញើរដល់មហាជនទាំងអស់ សូមមានការប្រុងប្រយ័ត្នឲ្យបានច្រើន មិនថាទៅណាមកណានោះទេ គឺមិនត្រូវទុករបស់របរសំខាន់ៗ នៅក្នុងឡានចោលជាដាច់ខាត ពោលត្រូវយកតាមខ្លួនគ្រប់ពេល ជៀសវាងកើតមានករណីដូចជានាង។ នាងក៏សូមអរគុណដល់ទីភ្នាក់ងារទាំងអស់ ដែលបានជួយសម្រួល ហើយពេលនេះនាងបានត្រលប់មកដល់ប្រទេសថៃវិញ ដោយសុវត្ថិភាពហើយ។
គួរជម្រាបថាថ្មីៗនេះ Pancake ទៅសហរដ្ឋអាមេរិក តបតាមការអញ្ជើញឲ្យចូលរួមដើរម៉ូតនៅក្នុងកម្មវិធី «LA Fashion Week 2019» ដែលធ្វើឡើងនៅក្នុងរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។ បច្ចុប្បន្នតារាស្រីរូបនេះ បានទៅដល់ប្រទេសថៃវិញហើយ ខណៈហេតុការខាងលើប្រៀបបាននឹងបទពិសោធន៍មួយក្នុងជីវិតរបស់នាង ហើយក៏ជាការជូនដំណឹងដល់មហាជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ៕