ខេត្តមណ្ឌលគិរី៖ អាជ្ញាធរខេត្តបានដឹកនាំមន្រ្តីរាជការមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅក្នុងខេត្តប្រមាណជាង១០០០នាក់ គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ ក្នុង ខួប៧ឆ្នាំ ដែលព្រះវររាជបិតាឯករាជ្យជាតិខ្មែរ បានយាងសោយទិវង្គតចាកចោលប្រជារាស្រ្ត និងដែនដីជាទីស្នេហារបស់ព្រះអង្គ ហើយក៏ជាថ្ងៃដែលកូនខ្មែរ និងជាតិខ្មែរទាំងមូលសោកសៅជាទីបំផុត ពិធីនេះនៅលើសួនច្បារសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានរំលឹកថា សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ បាន ប្រសូត្រនៅថ្ងៃ១១កើតខែកក្តិកឆ្នាំច ចត្វាស័កព.ស២៤៦៥ត្រូវនឹងថ្ងៃទី៣១ខែតុលាឆ្នាំ១៩២២។ ហើយព្រះអង្គយាង សោយ ព្រះ ទិវង្គត នៅ វេលា ម៉ោង ១ ,២០ នាទី រំលង អធ្រាត្រឈានចូល ថ្ងៃ ទី ១៥ ខែ តុលា ឆ្នាំ ២០១២ (ម៉ោងនៅក្នុងប្រទេសកម្ពុជា) ក្នុង ព្រះជន្មាយុ៩០ព្រះវស្សា ដោយ ព្រះជរាពាធ នៅ មន្ទីរពេទ្យនាទីក្រុង ប៉េកាំង ប្រទេស ចិន។ សម្តេចព្រះនរោត្តម សីហនុ គឺជាឥស្សរៈជនលេចធ្លោបំផុតក្នុងឆាកនយោបាយកម្ពុជា ក្នុងរយៈកាលប្រមាណជា ៧ទសវត្សរ៍កន្លងទៅ។
លោកអភិបាលខេត្តបានបន្តថា ព្រះអង្គឡើងគ្រងរាជបល្ល័ង្ក ជាព្រះមហាក្សត្រខ្មែររហូតដល់ទៅ២លើក ហើយបានដាក់រាជ្យ២លើក សម្តេចព្រះនរោត្តម សីហនុគឺជាតួអង្គ និងជាសាក្សីដ៏ចម្បងបំផុត នៃប្រវត្តិសាស្រ្តខ្មែរសម័យទំនើប រាប់ចាប់តាំងពីកម្ពុជាស្ថិតក្រោម
អាណានិគមបារាំង សម័យរុងរឿងក្រោយឯករាជ្យ ទំព័រខ្មៅងងឹតនៃរបបខ្មែរក្រហម រហូតដល់យុគសម័យសន្តិភាពការផ្សះផ្សារជាតិនិងការបង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ នៅក្នុងទសវត្សរ៍ទី៩០។
ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី និងប្រជាពលរដ្ឋទូទាំងខេត្ត សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ្ឋ និងសូមក្រាបថ្វាយព្រះពរដល់ ព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ បានយាងទៅសោយសុខនៅឋានសួគ៌ាកុំបីឃ្លៀងឃ្លាតឡើយ៕