ភ្នំពេញ៖ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីស្បថចូលកាន់តំណែងថ្មីរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស។
ឥស្សជនដែលចូលស្បថកាន់តំណែងសំខាន់ៗនេះ រួមមាន លោក ចូកូ វីដូដូ (Joko Widodo) ជា ប្រធានាធិបតី និង លោក ម៉ារូហ្វ អាម៉ីន (Ma’ruf Amin) ជាអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលនឹងត្រូវធ្វើនៅទីក្រុងហ្សាការតា។ ប្រមុខរដ្ឋ/រដ្ឋាភិបាល និងតំណាងប្រទេសសមាជិកអាស៊ានឯទៀត ក៏នឹងមានវត្តមាននៅក្នុងពិធីនោះផងដែរ។
តាមការអះអាងរបស់ក្រសួងការបរទេស, អញ្ជើញអមដំណើរសម្តេចតេជោ ចូលរួមពិធីស្បថ ចូលកាន់ តំណែងខាងលើនេះ រួមមាន ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ព្រមទាំងឥស្សរៈ ជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួនផងដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបដោយឡែកជាមួយ លោក ចូកូ វីដូដូ ដើម្បីជូនពរជ័យដល់ លោកប្រធានាធិបតីឥណ្ឌូនេស៊ី ហើយនិងធ្វើការផ្លាស់ប្តូរយោបល់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និង ពហុភាគី និងបញ្ហានានាដែលមានការចាប់អារម្មណ៍ដូចគ្នា។
សូមបញ្ជាក់ថា លោក ចូកូ វីដូដូ បានជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូនេស៊ី អាណត្តិទី២ នៅក្នុងការបោះឆ្នោតសកល កាលពី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ កន្លងមកនេះ សម្រាប់អាណត្តិ ២០១៩-២០២៤៕