ព្រំដែនកម្ពុជា-ថៃ ៖ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានអោយដឹងលើផេកហ្វេសប៊ុកថា ចំការមីនតាមបណ្តោយព្រំដែន បានបង្កគ្រោះថ្នាក់ជាហូរហែរ ជាពិសេសតំបន់ច្រករបៀងតូចៗដែលពលករ ឬប្រជាពលរដ្ឋខ្លះបានដើរចូលចំការមីនទាំងនោះ។
តាមរយៈការផ្សព្វផ្សាយលើផេកហ្វេសប៊ុក លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ កាលពីថ្ងៃទី១៨ខែតុលា បានថ្លែងថា កន្លងទៅថ្មីៗនេះ ភាគីថៃរួមមានក្រសួងការពារជាតិថៃ ដែលអនុវត្តន៍បទបញ្ជាដោយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនថៃ (TMAC) និងក្រសួងការពារជាតិកម្ពុជាអនុវត្តន៍ប្រតិបតិ្តការដោយCMAC ក្រោយការដឹកនាំរបស់គណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ ដែលមានឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសទាំង២ ជាសហប្រធាន។
លោកអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលទាំង២ អង្គភាពCMAC និងអង្គភាពTMAC កំពុងសម្របសម្រួលខាងការងារបច្ចេកទេស និងផ្លាស់ប្តូរពិសោធន៍ ក្នុងការសហការជាមួយគ្នា ដើម្បីពិនិត្យលទ្ធភាពជំរុញការបោសសម្អាតគ្រាប់មីនទាំងនោះ ព្រោះថានៅចំពោះមុខនេះ នៅតែមាន ចំការមីនយ៉ាងច្រើននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មិនទាន់បានបោសសម្អាតនៅឡើយទេ៕