ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបិទវគ្គបណ្ដុះបណ្ដាលការប្រាស្រ័យទាក់ទង និងបដិសណ្ឋារកិច្ច ក្នុងការផ្ដល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ តាមសង្កាត់ក្នុងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២២ ខែតុលានេះ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើថា ឥលូវនៅតាមសាលាសង្កាត់ទូទាំងរាជធានីភ្នំពេញ បានបង្កើតក្រុមការងារមួយ ដើម្បីចាំផ្ដល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋគ្រប់ពេលវេលា។ ហេតុនេះ លោកប្រកាសលុបបំបាត់ពាក្យរិះគន់ថា ចប់ជួបចៅសង្កាត់ ដើម្បីឲ្យផ្ដល់សេវាពិបាកជាងចង់ជួបរដ្ឋមន្ដ្រី នោះចោលហើយ។
អភិបាលរាជធានីភ្នំពេញ បានបន្តថា ការបង្កើតឲ្យមានវគ្គបណ្ដុះបណ្ដាលការប្រាស្រ័យទាក់ទង និងបដិសណ្ឋារកិច្ច ក្នុងការផ្ដល់សេវារដ្ឋបាល សាធារណៈជូនប្រជាពលរដ្ឋ តាមសង្កាត់ក្នុងរាជធានីភ្នំពេញនេះ ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យការផ្ដល់សេវាជូន នៅកៀកកិតជាមួយប្រជាពលរដ្ឋ ហើយអ្នកផ្តល់សេវាមានស្នាមញញឹម ការផ្តល់សេវាមានតម្លាភាព គណនេយ្យភាព និងទាន់ពេលវេលាទៅតាមតម្រូវការប្រើប្រាស់ ចាំបាច់របស់ប្រជាពលរដ្ឋ។
លោកឃួង ស្រេងគូសបញ្ជាក់ថា ក្នុងកំណែទម្រង់ចតុកោណតំណាក់កាលពី៤ របស់រាជរដ្ឋាភិបាល គឺការបង្ខិតសេវាឲ្យនៅកៀកកិតជាមួយប្រជាពលរដ្ឋ។ នៅថ្នាក់សង្កាត់ បានបង្កើតឲ្យមានក្រុមការងារមួយ ដែលមានចៅរងទី១ ចៅរងទី២ ក៏ដូចជាស្មៀនជាដើម នៅចាំទទួលសេវាកម្មផ្សេងៗ ពីប្រជាពលរដ្ឋ បើសិនជាលោកចៅសង្កាត់មិននៅ ហើយការបង្កើតឲ្យមានក្រុមការងារនេះ ធ្វើឲ្យពាក្យថា «ចង់ជួបចៅសង្កាត់ ដើម្បីឲ្យផ្ដល់សេវាផ្សេងៗ ពិបាកជាងចង់ជួបរដ្ឋមន្ត្រី» នោះត្រូវបានសាបរលាប៕