ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា ប្រសិនបើគ្មានអ្វីប្រែប្រួលទេ នៅដើមឆ្នាំ២០២០ខាងមុខនេះ ប្រទេសកម្ពុជា និងប្រទេសចិន នឹងចុះកិច្ចព្រមព្រៀងរួមគ្នា ស្តីពីការនាំចេញផ្លែស្វាយពីកម្ពុជា ទៅកាន់ប្រទេសចិន ខណៈដែលផ្លែស្វាយកម្ពុជា ប្រមាណជាងកន្លះលានតោន អាចនាំចេញទៅកាន់ប្រទេសចិនជារៀងរាល់ឆ្នាំ។
ជាមួយគ្នានេះស្ថានទូតចិនប្រចាំកម្ពុជា ដោយសារតែមានទំនាក់ទំនងយ៉ាងល្អជាមួយកម្ពុជា ប្រទេសចិននឹងបើកចំហទីផ្សារដល់ផលិតផលកសិកម្ម របស់កម្ពុជាកាន់តែច្រើនថែមទៀត។
ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ក្នុង Facebook ផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា «ប្រសិនដំណើរការបានយ៉ាងរលូន និងជោគជ័យ នាដើមឆ្នាំក្រោយខាងមុខនេះ ប្រទេសចិន និងកម្ពុជា នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីអំពីការនាំចេញផ្លែស្វាយពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន។ តាមអ្វីដែលបានដឹង ប្រទេសកម្ពុជា មានសក្តានុពលក្នុងការនាំចេញផ្លែស្វាយជាង៥០ម៉ឺនតោន ទៅកាន់ប្រទេសចិនជារៀងរាល់ឆ្នាំ។ ដោយមើលទៅលើទំនាក់ទំនងដ៏ល្អប្រពៃនេះ ប្រទេសចិននាថ្ងៃខាងមុខនឹងបើកចំហទីផ្សារ ជូនដល់ផលិតផលកសិកម្ម ក្នុងប្រទេសកម្ពុជាកាន់តែច្រើន»។
របាយការណ៍របស់ក្រសួងកសិកម្មបានឲ្យដឹងថា នៅរយៈពេលជាង៩ខែឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញផ្លែស្វាយជាង៤ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសវៀតណាម បារាំង អាល្លឺមង់ ឆេក អង់គ្លេស ជប៉ុន សិង្ហបុរី អារ៉ាប់ប៊ីសាអូឌីត ឥណ្ឌា តៃវ៉ាន់ ប៊ែលហ្សិក ថៃ អូស្ត្រាលី ស្វីស កាណាដា និងកាស្សាក់ស្ថាន។
សូមជម្រាបថា ក្រៅផ្លែស្វាយ កម្ពុជាក៏បានស្នើឲ្យភាគីចិនពន្លឿនការអនុញ្ញាតឲ្យនាំចេញផលិតផលកសិកម្មមួយចំនួនទៀត ដូចជា ផ្លែមៀន ស្រកានាគ ដូង ម្រេច និងទឹកមាត់ត្រចៀកកាំ ទៅកាន់ប្រទេសចិន ឲ្យបានឆាប់រហ័ស៕