ភ្នំពេញ៖ ជាថ្មីម្តងទៀតរដ្ឋាភិបាលគុយប៉ា តាមរយៈលោក ជួនដឺ ជេហ្សឹស ហីដាល់ហ្គូ ហ្គាតូ ប៉េរ៉េស (Mr. Juan de Jesús Hidalgo-Gato Péres) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា ដែលត្រូវបានចប់អាណត្តិ បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានគំាទ្រដល់ការដកទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក មកលើប្រទេសគុយប៉ា។
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរកម្ពុជា-គុយប៉ា ទំាងនៅស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលបានគំាទ្ររដ្ឋាភិបាល និងប្រជាជនគុយប៉ា នៅគ្រប់កាលៈទេសៈ។
លោក ជួន ដឺ ជេហ្សឹស ហីដាល់ហ្គូហ្គាតូ ប៉េរ៉េស បានលើកឡើងដូច្នេះ នៅក្នុងឱកាសចូលសម្តែងការគួរសម និងជម្រាបលាសម្តេចប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ មុនពេលដែលលោកត្រូវចាកចេញពីកម្ពុជា ខណៈដែលការបំពេញបេសកកម្មការទូតនៅកម្ពុជា បានបញ្ចប់ដោយជោគជ័យ។
លោកឯកអគ្គរដ្ឋទូតគុយប៉ា ចប់អាណត្តិ បានគូសបញ្ជាក់ថា ជោគជ័យនៅក្នុងបេសកកម្មការទូតរបស់លោក គឺមានការគំាទ្រពីថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិរបស់កម្ពុជា ដែលនៅក្នុងនោះមានសម្តេចពញាចក្រី ហេង សំរិន ផងដែរ។
សម្តេចពញាចក្រី ហេង សំរិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងអាណត្តិការទូតរបស់លោក ដែលបានរួមចំណែកដ៏ធំធេងក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាង ប្រទេសទាំងពីរ កម្ពុជា-គុយបា ឲ្យកាន់តែរឹងមាំ រីកចម្រើនជាបន្តបន្ទាប់។