ភ្នំពេញ៖ លោកឧត្តមសេនីយ៍ ឯក លឹម សុខារស្មី បានថ្លែងថា វិស័យសន្តិសុខឯកជនមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែក ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល ជាពិសេសដែលឈរជើង នៅតាមតំបន់សេដ្ឋកិច្ចពិសេស ធនាគារ កន្លែងប្តូរប្រាក់ ទីតាំងលក់វត្ថុមានតម្លៃមាស-ពេជ្រ ផ្សារទំនើប ផ្សារសាធារណៈ សណ្ឋាគារទំនើបៗ ភោជនីដ្ឋាន រម្មណីដ្ឋាន ផ្ទះសំណាក់ បុរី រោងចក្រ ក្លឹបកម្សាន្ដ និងទីកន្លែងកម្សាន្ដនានា។
លោកឧត្តមសេនីយ៍ ថ្លែងបែបនេះ ក្នុងពីធីបើកវគ្គបំប៉នជំនាញ ដល់ភ្នាក់ងារសន្ដិសុខឯកជន លើកទី២២ នៅ នាយកដ្ឋានគ្រប់គ្រងសន្ដិភាពឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានសង្កត់ធ្ងន់ថា ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវតែមានសមត្ថភាព ការយល់ដឹង និងមានវិជ្ជាជីវៈច្បាស់លាស់ ដែលជាភ្នាក់ងារសន្តិសុខឯកជន ពោពេញទៅដោយសមត្ថភាពពេញលេញ ទើបអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ជាសេនាធិការ ធ្វើការរៀបចំវគ្គបំប៉នជំនាញនេះឡើង។
គោលបំណងសំខាន់គឺ ស្វែងយល់អំពីភារកិច្ច និងកាតព្វកិច្ចរបស់វិស័យសន្តិសុខឯកជន លើការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ពង្រឹងសមត្ថភាពភ្នាក់ងារសន្តិសុខឯកជន ឲ្យកាន់តែល្អប្រសើរឡើង សម្ដៅធ្វើឲ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងកិច្ចការពារសន្តិសុខសង្គម។
នៅក្នុងវគ្គបំប៉នជំនាញនេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹង លើប្រធានបទសំខាន់ៗ ដែលយើងទាំងអស់គ្នាកំពុងតែជួបប្រទះ និងប្រឈម ជាប្រចាំថ្ងៃក្នុងការអនុវត្តការងារដូចជា៖ តួនាទី និងការទទួលខុសត្រូវរបស់ភ្នាក់ងារសន្តិសុខឯកជន, វិធីសាស្រ្តការពារគោលដៅ, ច្បាប់ចរាចរណ៍ផ្លូវគោក, របៀបផ្តល់ជំនួយ និងសហការជាមួយសមត្ថកិច្ច, ការស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ, វិធានការបង្ការពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គីភ័យ និងកិច្ចសហការការពារកន្លែងកើតហេតុ ជាដើម៕