រតនគិរី៖ លោក ឡេង វណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តរតនគីរី បានចេញដីកាបង្គាប់ឲ្យកម្លាំងសមត្ថកិច្ចពាក់ព័ន្ធតាមចាប់បុរសម្នាក់ ពាក់ព័ន្ធករណីចេញសែកស្អុយ កាលពីពេលកន្លងទៅ។
នៅក្នុងដីកាបញ្ជាឲ្យចាប់ខ្លួនរបស់លោក ឡេង សុវណ្ណារិទ្ធ បានបញ្ជាក់ថា ឈ្មោះ ធី ឬទ្ធីសី ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «រំលោភលើទំនុកចិត្ត និងមិនបំពេញកតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន នៅពេលដល់ឥណប្រតិទាន ដោយមានបំណង និងដោយចេតនាធ្វើឲ្យខូចខាតប្រយោជន៍អ្នកដទៃ» ប្រព្រឹត្តនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា ៣៩១ នៃក្រមព្រហ្មទណ្ឌ និងបានស្នើឲ្យឃុំខ្លួនបណ្តោះអាសន្ន។