ខេត្តព្រះសីហនុ៖ យុវជនម្នាក់ជាប់ពាក់ព័ន្ធករណី សេពគ្រឿងញៀន និងប្រើប្រាស់អាវុធកែច្នៃខុសច្បាប់នាព្រឹកថ្ងៃទី២៨ ខែតុលានេះត្រូវកងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនខ្លួនទៅកាន់សាលាដំបូងហើយ បន្ទាប់ពីធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២៧ខែតុលាវេលាម៉ោង១៣និង២០ នាទី នៅចំណុច ក្រុមទី០៧ ភូមិបន្ទាយប្រិយ៍ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានគូសបញ្ចាក់ថា តែងតែចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេតនូវរាល់បទល្មើសផ្សេង ចាប់តាំងពីទីប្រជុំជនរហូតដល់ជនបទ។ ជាក់ស្តែងនៅវេលាម៉ោង១៣និង២០នាទីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ នៅចំណុច ក្រុមទី០៧ ភូមិបន្ទាយប្រិយ៍ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កំលាំងកងរាជអាវុធហត្ថ បានធ្វើការឃាត់ខ្លួនយុវជនសង្ស័យម្នាក់ ពាក់ព័ន្ធបទល្មើសចែកចាយ សេពគ្រឿងញៀន និង ប្រើប្រាស់អាវុធកែច្នៃ ខុសច្បាប់ បញ្ជូនខ្លួនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីសាកសួរ ។
កម្លាំងកងរាជអាវុធហត្ថ បានឆែកឆេររកឃើញ អាវុធកែច្នៃចំនួន១ដើម ដាវ សាំម៉ូរ៉ៃចំនួន១ដើម ដបជក់ថ្នាំញៀនចំនួន១ ទូរស័ព្ទចំនួន១ ប្រាក់រៀលចំនួន៥៣០០០រៀល ប្រាក់ដុល្លារចំនួន១៣ដុល្លារ ប្រាក់អារ៉ាប់ចំនួន៥ រីយ៉ាល់។ លោកឧត្តមសេនីយ៍បន្តថា ក្រោយពីធ្វើការសាកសួរ និងឃុំខ្លួនវណ្តោះអាសន្នរយៈពេលជិត២៤ម៉ោងជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនកាន់សាលាដំបូងខេត្តនាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ដើម្បីចាត់ការតាមផ្លូវច្បាប់៕