ភ្នំពេញ៖ លោក យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងភរិយា នឹងអញ្ជើញ មកដល់កម្ពុជា នៅថ្ងៃអាទិត្យ សប្តាហ៍នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ៣០ ខែតុលា ឆ្នាំ២០១៩។ នេះបើតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួង ការបរទេស កម្ពុជានៅថ្ងៃនេះ។
ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អំឡុងពេលទស្សនកិច្ចនេះ លោកប្រធានាធិបតី នឹងចូលគាល់ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។ បន្ទាប់ពីនោះ លោកប្រធានាធិបតី នឹងទទួល ការចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។
លោកប្រធានាធិបតីហុងគ្រី នឹងមានជំនួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនៅក្នុងជំនួបនោះ កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួមនឹងត្រូវបានលើកយកមកពិភាក្សា។ ក្រៅពីនេះលោកប្រធានាធិបតី និងភរិយា នឹងអញ្ជើញទៅទស្សនាប្រាសាទនានា នៅក្នុងឧទ្យានអង្គរ និងកន្លែងសំខាន់ៗមួយចំនួន នៅក្នុងខេត្តសៀមរាប។
ក្រសួងការបរទេស បានបញ្ជាក់ថា៖ ទស្សនកិច្ចផ្លូ វរដ្ឋលើកដំបូងមកកាន់កម្ពុជារបស់ លោក យ៉ាណូស អាឌ័រ មកកាន់កម្ពុជា នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ហុងគ្រី ហើយនឹងរួម ចំណែកយ៉ាងសំខាន់ដល់ការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព ក៏ដូចជាបង្កើន វិសាលភាព និងជម្រៅនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សូមបញ្ជាក់ថា កាលពីអំឡុងទស្សនកិច្ចនៅប្រទេសហុងគ្រី កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ក៏បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកប្រធានាធិបតីហុងគ្រី Janos Ader ផងដែរ៕