ភ្នំពេញ៖ ក្នុងពេលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក មិកាមិ ម៉ាសាហ៉ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចំាកម្ពុជា នៅថ្ងៃទី២៤ ខែតុលានេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើឱ្យជប៉ុនវិនិយោគលើការកែច្នៃម្ហូបអាហារ កសិផល និងបន្លែផ្លែឈើ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក៏ដូចជានាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ក្នុងជំនួបនេះលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងថា កម្ពុជា និងជប៉ុន មានចំណងមិត្តភាពជាយូរមកហើយ ដែលជាហេតុនាំឲ្យប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតទាំងវិស័យការទូត និងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម។ តាមរយៈទំនាក់ទំនងល្អប្រសើរនេះ បានធ្វើឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានសន្ទុះកើនទ្បើងជាបន្តបន្ទាប់។
ក្នុងនោះនៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មកើនឡើងដល់ ១.៦ពាន់លានដុល្លារអាមេរិក កើនប្រមាណ ១០% ធៀបទៅឆ្នាំ២០១៧ ហើយទំហំពាណិជ្ជកម្មប្រទេសទាំងពីរអាចកើនដល់ ២ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០ នាពេលខាងមុខ។
លោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានលើកឡើងថា វិនិយោគិន និងក្រុមហ៊ុនជប៉ុននៅកម្ពុជាមានការកើនទ្បើងជាបន្តបន្ទាប់ ដែលជាការរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងជួយឱ្យប្រជាជនប្រទេសទាំងពីរកាន់តែយល់ដឹងពីគ្នាទៅវិញទៅមកកាន់តែជិតស្និទ្ធ។ លោកឯកអគ្គរាជទូត បានសង្កត់ធ្ងន់ថា កត្តាស្ថេរភាពនយោបាយបានជាបុព្វហេតុដ៏សំខាន់មួយនាំឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចប្រមាណ ៧.២%។
លោកឯកអគ្គរាជទូតជប៉ុន បានគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមរយៈជំនួបពិភាក្សាការងារ វេទិកាធុរកិច្ច ការផ្គូរផ្គងវិនិយោគិន និងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីទាក់ទាញអ្នកវិនិយោគផ្ទាល់ពីជប៉ុន៕