ភ្នំពេញ៖ បុរសជាអ្នកបើកម៉ូតូម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារតែ រថយន្តឡិចស៊ីស RX300 មួយគ្រឿងបត់ឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុកគាត់កំពុងជិះម៉ូតូ ខ្ទាតផ្លោងបោកទៅនឹងខឿនផ្លូវពេញទំហឹង។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១និង៣៥នាទីយប់ ឈានចូលថ្ងៃទី៣០ ខែតុលានេះ ស្ថិតនៅចំណុចមុខក្រុមហ៊ុនលក់រថយន្ត TOYOTA តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញអ្នកបើករថយន្តឡិចស៊ីស RX-300 មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AN-5652 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តនោះមិនបានបង្អង់ល្បឿនទេ ថែមទាំងបានបត់ឆ្វេងដៃឆ្លងទៅផ្លូវបេតុងម្ខាងទៀត ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AW-9959 ជិះដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នា ពីកើតទៅលិច បណ្តាលឲ្យជនគ្រោះធ្វើផ្លោងទៅបោកនឹងខឿនផ្លូវបែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។ ភ្លាមៗនោះ ម្ចាស់រថយន្តបង្ក ត្រូវបានប្រជាពលរដ្ឋធ្វើការឃាត់ខ្លួន ប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន។
តាមរបាយការណ៍សមត្ថកិច្ចនគរបាលបានឲ្យដឹងទៀតថា សពជនរងគ្រោះមានឈ្មោះ លៀង លីហុង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរដឹកអីវ៉ាន់ ស្នាក់នៅក្នុងបុរីចំការដូងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕