តារាសម្ដែងនិងម៉ូដែល កញ្ញា ទូច មិនាថ ដែលធ្លាប់បានទទួលពាន ជាតារារាងស្អាតពីការប្រកួតកម្មវិធី Miss Chinese Cosmo Beauty Pageant Southeast Asia Contest 2014 នៅប្រទេស ម៉ាឡេស៊ី កាលពីពេលកន្លង ត្រូវបានប្រភពមួយទម្លាយដឹងថា តារាស្រីម្នាក់នេះធ្លាប់ បញ្ចេញឈុតគ្រឿងក្នុង ពេញទំហឹងនៅឯក្រៅ ប្រទេសពេលដែលនាងចូលរួមប្រកួត។
ការបញ្ចេញឈុតគ្រឿងក្នុងនេះ មិនមែនមានតែកញ្ញា ទូច មិនាថ ម្នាក់ឯងទេ ពោលគឺ បេក្ខនារីដែលចូលរួមប្រកួត សុទ្ធតែបានធ្វើបែបនេះទាំងអស់។ កម្មវិធី Miss Chinese Cosmo Beauty Pageant Southeast Asia Contest 2014 ដែលបានធ្វើ កាលពីពាក់កណ្ដាល ខែ កក្កដា ឆ្នាំ ២០១៤ មានតារាខ្មែរទៅ ចូលរួមប្រកួតចំនួន ៣នាក់ ក្នុងនោះមាន កញ្ញា ទូច មិនាថ កញ្ញា លឹម មួយហ្គិច និង កញ្ញា ពេជ្រ ចិន្ដា។ តារាទាំង ៣នាក់នេះ ត្រូវបានបញ្ជូនទៅដោយក្រុម Sun Super Models Cambodia ។ ជាលទ្ធផល ក្នុងចំណោមអ្នកទាំង៣ មានតែ មិនាថ ដែលទទួលបានពានជា តារារាងស្អាតពីកម្មវិធីខាងលើ។
កញ្ញា ទូច មិនាថ បានប្រាប់ ក្នុងអារម្មណ៍មិនសូវសប្បាយចិត្តថា នាងពិតជាមាន ការអៀនខ្មាសខ្លាំងណាស់ ព្រោះនាងគឺជាស្ត្រីខ្មែរ ប្រកាន់នៅប្រពៃណី ប៉ុន្តែដោយសារតែ កម្មវិធីប្រកួតនោះ គណៈកម្មការ តម្រូវឲ្យបេក្ខនារី ដែលចូលរួមប្រកួត ស្លៀកពាក់ឈុតទាំងនោះ ហេតុនេះទោះចង់ឬមិនចង់ ក៏ត្រូវតែធ្វើតាម ព្រោះបានចុះកុងត្រាជាមួយគ្នារួចហើយ។
មិនមែនតែ កញ្ញា ទូច មិនាថ មួយទេ ដែលធ្លាប់បញ្ចេញឈុតគ្រឿងក្នុង ជាសាធារណៈនៅក្រៅប្រទេស បែបនេះ និយាយរួម ឲ្យតែមានការប្រកួត ផ្នែកសម្រស់នៅក្រៅប្រទេស គណៈកម្មការតម្រូវឲ្យ ស្លៀកពាក់បែបនេះទាំងអស់។ ឧទាហរណ៍ កញ្ញា នូ ទឹមស្រីនៀត ដែលធ្លាប់បានឈ្នះ ជយលាភីផ្នែកប្រជាប្រិយ (Miss Popular Vote Award) ក្នុងកម្មវិធី Miss Grand International ពីប្រទេសថៃ កាលពីដើមខែ តុលា នេះ និង លោក យិត មាសឧស្សាហ៏ ហៅ Edwin បានជាប់ពានរង្វាន់ តារាញញឹមស្រស់ ជាងគេ “ Mr. Smiley Award in Mister Asia Contest 2014 ” នៅទីក្រុងហុងកុង កាលពីពេលថ្មីៗនេះ ក៏សុទ្ធតែបង្ហាញឈុត គ្រឿងក្នុងបែបនេះដែរ។ ទោះបែបនេះក្ដី ពួកគេសុទ្ធតែទទួលបាន ពានរង្វាន់ ហើយបានរួមចំណែក ជួយលើកមុខមាត់ប្រទេសកម្ពុជា ឲ្យពិភពលោកស្គាល់ កាន់តែច្បាស់មួយកម្រិតថែមទៀត តាមវិធីផ្សេងៗគ្នា។
កញ្ញា ទូច មិនាថ បានបោះជំហានចូលសិល្បៈ នៅក្នុងអំឡុងឆ្នាំ២០១១ តាមរយៈការប្រកួតរបស់ក្រុមហ៊ុន BKA Entertainment ដោយនាងបានជាប់ ក្នុងជម្រើស ១០នាក់ចុងក្រោយ។ បច្ចុប្បន្ននាងមានវ័យ ២២ឆ្នាំ ជានិស្សិតឆ្នាំទី៣ ជំនាញធនាគារ។ ក្រៅពីការងារសិល្បៈនាង គឺជាអ្នកបម្រើការ លើយន្តហោះមួយ នៅប្រលានយន្តហោះក្នុងប្រទេសកម្ពុជា៕