ខេត្តបាត់ដំបង ៖ ក្រុមចោរ ប្រដាប់អាវុធ ៣ នាក់ប្រដាប់ ដោយ កាំភ្លើងវែង ១ ដើម ខ្លី១ដើម កន្រ្ទៃ កាត់ដែក១ និង ដែកស្បែង១ បានចូលប្លន់ ផ្ទះថៅកែ ម៉ាស៊ីនកិន ស្រូវប្រមូល មាស ប្លាទីន និង លុយប្រមាណ ជាង ១ ម៉ឺនដុល្លារ ហើយគេចខ្លួន បាត់ ដែលហេតុការណ៍ ប្លន់ប្រដាប់អាវុធនេះ កើតឡើង កាលពីវេលា ម៉ោង០៧និង០០នាទី យប់ថ្ងៃទី៩ ធ្នូ ២០១៥ នៅផ្ទះជនរងគ្រោះស្ថិត នៅ តាមបណ្តោយ ផ្លូវជាតិលេខ 5 ក្នុងភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ជនរងគ្រោះ ជាថៅកែម៉ាស៊ីន កិនស្រូវ ដែលត្រូវ ចោរប្លន់ ឈ្មោះ ភាញ ភឿប ភេទប្រុស អាយុ៦០ឆ្នាំ ប្រពន្ធឈ្មោះ តាន់ ម៉ូរ៉ា រស់នៅ ភូមិកើតហេតុ ។
ប្រភពពីជនរងគ្រោះបានឲ្យដឹងថា នៅក្នុងផ្ទះរបស់គាត់មានគ្នា៧នាក់ គឺគាត់ ប្រពន្ធ កូនប្រសារប្រុស និងកូនស្រី៤នាក់ ដែលមុនពេលកើតហេតុជនសង្ស័យ៣នាក់បានសម្រុកចូលផ្ទះរបស់គាត់ដោយបានភ្ជង់ ហើយចាប់គាត់និងកូនប្រសារប្រុសរបស់គាត់ចងភ្ជាប់ជាមួយគ្នា ព្រមទាំងភ្ជង់ប្រពន្ធ និងកូនស្រីរបស់គាត់ឲ្យប្រមូលទ្រព្យសម្បត្តិឲ្យពួកវា ដោយមានការភ័យខ្លាចប្រពន្ធនិងកូនស្រីរបស់គាត់បានប្រមូលមាស ប្លាទីន ព្រមទាំងលុយខ្មែរ និងលុយដុល្លារ ឱ្យទៅក្រុមចោរប្លន់យកទៅនោះមាន មាស និងប្លាទីនមួយចំនួនធំ ព្រមទាំងលុយខ្មែរនិងដុល្លារសរុបប្រមាណជាង១ម៉ឺនដុល្លារ ។
បើតាមសម្តីលោក ភឿប ផាយោ អាយុ36ឆ្នាំជាកូន បានប្រាប់ថា ក្រុមចោរអាចមកពួនសម្ងំនៅក្នុងបរិវេណផ្ទះរបស់គាត់ ព្រោះនៅពេលគាត់ត្រឡប់មកពីផ្សារវិញបើករថយន្តចូលចតនៅក្នុងផ្ទះ រួចដើរទៅចាក់សោររបង ហើយត្រឡប់ចូលមកក្នុងផ្ទះវិញ ក៍ស្រាប់តែក្រុមចោរធ្វើសកម្មភាពភ្ជង់រូបគាត់ រួចចងគាត់និងឪពុក ហើយឱ្យម្តាយរបស់គាត់នាំដើរប្រមូលទ្រព្យសម្បត្តរយៈពេលជិតមួយម៉ោងទើបក្រុមចោរចាកចេញទៅវិញ។
ភ្លាមៗនេះ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរង បានចុះទៅដល់កន្លែងកើតហេតុ និងបានដឹកនាំបញ្ជារ គ្រប់កំលាំងទូរទាំងខេត្តកំពុងធ្វើការស្រាវជ្រាវ និងតាមប្រមាញ់ក្រុមចោរប្លន់ប្រដាប់អាវុធទាំងនោះពេញខេត្តទាំងយប់ ៕