កំពង់ស្ពឺ៖ លោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការកងរាជអាវុធហត្ថស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ បានប្រាប់ថា នៅវេលាម៉ោងទាបភ្លឺថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ កម្លាំងរបស់លោក បានសហការជាមួយអង្គការវ៉ាយអេត ចាប់រថយន្តដឹកឈើនៅចំណុច ភូមិផ្សារកន្ទួត ឃុំសង្កែសាទប ឱរ៉ាល់។ លោកថា សម្រាប់ប្រតិបត្តិការនេះ កម្លាំងបានដកហូតរថយន្ត១គ្រឿង ម៉ាកនីសាន់បែនចំណុះ៥តោន ពណ៌ស ពាក់ស្លាកលេខ ដឹកឈើមៃតាប់ធ្នង់ពេញមួយឡាន តែម្ចាស់រត់គេចខ្លួនបាត់។
លោកមេបញ្ជាការស្រុកឪរ៉ាល់ មិនបានបញ្ជាក់ថា ឈើនោះមានចំនួនប៉ុន្មានទេ ដោយរង់ចាំជំនាញវាស់ជាមុនសិន។ បើតាមសមត្ថកិច្ច រថយន្តដឹកឈើខាងលើនេះ បានធ្វើដំណើរចេញពីតំបន់ជាំ ដោយឆ្លងកាត់ស្នាក់ការរបស់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថា ឈើនៅតែមានការដឹកជញ្ជូនជារៀងរាល់ថ្ងៃ ដោយមិនមានជំនាញ យកចិត្តទុកដាក់រឿងបង្ក្រាបទេ ជាក់ស្តែងដូចជា ករណីនេះឈើ បានឆ្លងកាត់រហូតមានការបង្ក្រាបតែម្តង។ បច្ចុប្បន្នរថយន្ត និងឈើត្រូវបានដឹកយកទៅរក្សាទុក នៅស្នាក់ការអង្គការវ៉ាយអេត ស្ថិតនៅ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមិនទាន់វាស់ទេ៕