បាត់ដំបង៖ លោក ឈឿង គឹមសុង មេក្រុមបង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជាក់ថា កាលពីរំលងអាធ្រាតឈានចូលថ្ងៃទី២១ ឧសភា ឆ្នាំ២០១៧ សមត្ថកិច្ចបានចុះ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់តាមដីការ ពីបទកែឆ្នៃអាវុធខុសច្បាប់ រួមជាមួយបក្សពួក២នាក់។
លោកបន្តថា ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ ជា បូណា ភេទប្រុស អាយុ២០ឆ្នាំ ទី២ឈ្មោះឈឿន រតនា ភេទប្រុស អាយុ១៦ឆ្នាំ។ ទាំងពីរនាក់ រស់នៅក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ ពួកគេទាំង២នាក់បាននាំយកអាវុធប្រភេទកា៥៩មួយដើម ប្រគល់ឲ្យទៅឈ្មោះ នូវ សៅរ៉ា ហៅក្រឹង ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចភូមិអូរម៉ាល់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។
លោកបញ្ជាក់ថា យោងតាមចម្លើយសារភាពពីជនទាំង៣ សមត្ថកិច្ចបានបន្តស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យប្តីប្រពន្ធ២នាក់ទៀត និងរថយន្ត១គ្រឿង នៅភូមិរំចេក៣ សង្កាត់រតនះ ក្រុងបាត់ដំបង ពាក់ព័ន្ធករណីគ្រឿងញៀនទម្ងន់ជាង៣ខាំ។ ជនសង្ស័យជាប្តីឈ្មោះ រឹទ្ធ ដារ៉េត អាយុ២៤ឆ្នាំ និងប្រពន្ធ ឈ្មោះសុទ្ធ វណ្ណះ អាយុ១៦ឆ្នាំ។ ជនទាំង២នេះជាអ្នកស៊ីឈ្នួលនាំយកថ្នាំញៀន និងអាវុធ១ដើម ពីភ្នំពេញមកបាត់ដំបង។
លោក ឈឿង គឹមសុង បន្ថែមថា ក្រោយកិច្ចសហការកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតជាប្រភពដើមជួញដូរអាវុធខុសច្បាប់។ ជនសង្ស័យមានឈ្មោះ គាន ដារ៉េត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅ ភូមិគីរីជុំ ឃុំរស្មីសង្ហារ ស្រុករតនះមណ្ឌល ខេត្តបាត់ដំបង។
ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៦នាក់ ដកហូតអាវុធខ្លីK59 ចំនួន២ដើម គ្រាប់ចំនួន២៤គ្រាប់ -ថ្នាំញៀនប្រភេទមេតំហ្វេតា មីនហៅម៉ាទឹកកកចំនួន៥កញ្ចប់ រថយន្ត១គ្រឿង ម៉ូតូ៣គ្រឿង ងសម្ភារពាក់ពន្ធ័មួយចំនួន។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការ៕
កម្លាំងបង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៦នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ និងជួញដូរគ្រឿងញៀន
Filed in: គ្រឿងញៀន, ព័ត៌មានជាតិ