រតនគិរី៖ យ៉ាងហោចណាស់ រថយន្តសាំយ៉ុងប្រមាណ៥០គ្រឿង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ បានសម្រុកដឹកឈើប្រណិត ចេញទៅវៀតណាម ដោយគ្មានការទប់ស្កាត់ ពីជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធនោះទេ។ នេះបើតាមការឲ្យដឹងពីសមត្ថកិច្ចតូចតាច ដែលឈរជើងនៅលើផ្លូវជាតិលេខ៧៨ ក្នុងខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News យ៉ាងដូច្នេះ។
សមត្ថកិច្ចខាងលើដែល គ្មានសិទ្ធិអំណាចទប់ស្កាត់បទល្មើសព្រៃឈើទាំងនេះ បានបញ្ជាក់ថា នៅថ្ងៃនេះរថយន្តសាំយ៉ុងបិទកញ្ចក់ខ្មៅ ដឹកឈើប្រណិតពេញ ធ្វើដំណើរលើផ្លូវជាតិ៧៨ ក្នុងល្បឿនលឿន ដោយពុំខ្លាចគ្រោះថ្នាក់អ្នកដទៃ ជួនកាលហ៊ានបើកកាត់ក្បួនក្រុមគណបក្សនយោបាយ កំពុងបើកយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ថែមទៀតផង។
បើតាមសមត្ថកិច្ច «ក្រុមឈ្មួញដឹកឈើខ្មែរ និងវៀតណាមទាំងនោះ មិនខ្លាចច្បាប់នោះទេ ដោយពួកគាត់បង់លុយជូនថ្នាក់លើ ជាទីគាប់ចិត្តអស់ទៅហើយ»
៕