ភ្នំពេញ ៖ ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងអញ្ជើញជាអធិបតីភាពបើកសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន ជ្រោយចង្វារមិត្តភាពកម្ពុជា-ចិន (ស្ពានជ្រោយចង្វារទី២) សួនច្បាររង្វង់មូលស្តាតចាស់ និង សួនច្បាររង្វង់មូលជ្រោយចង្វារត្រើយខាងកើត។
ពិធីសម្ពោធសមិទ្ធផលថ្មី មានការអញ្ជើញចូលរួមផងដែរ ពីឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោកស្រី ប៊ូ ចៀងហ្គូ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋ យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហម និង សិស្សានុសិស្សជាច្រើននាក់ផ្សេងទៀត។ ស្ពានជ្រោយចង្វារមិត្តភាពកម្ពុជា-ចិន គឺជាស្ពានទី៤ ហើយ ដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញបើកសម្ពោធដាក់ឲ្យពលរដ្ឋកម្ពុជា ប្រើប្រាស់នៅក្នុងឆ្នាំ២០១៥នេះ។ ស្ពានជ្រោយចង្វារទី២ នេះ គឺជាការតភ្ជាប់សរសៃឈាមថ្មីលើវិថីដឹកជញ្ជូន និងការធ្វើដំណើរឆ្លងកាត់ទន្លេមេគង្គ ហើយក៏បានជួយបញ្ចៀសការកកស្ទះនៅតំបន់នេះផងដែរ។
ដោយឡែកចម្លាក់ព្រហ្មបាយ័ន ដែលស្ថិតនៅខាងកើតស្ពានភ្លោះវិញ បានសាងសង់ ឡើងតាមលំនាំដើមពីប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប ធ្វើអំពីថ្មភ្នំយកពីខេត្តព្រះវិហារ កាត់ឆ្លាក់ដាប់ជាដុំៗ បន្តុបលើគ្នា មានកំពស់ ៩,១៨ ម៉ែត្រ ទទឹង ៦,៣០ម៉ែត្រ។ រូបចម្លាក់ព្រហ្មបាយ័ន តំណាងឲ្យព្រះ ភ័ក្ត្ររបស់ព្រះលោកេស្វរ: ជា ព្រះពោធិសត្វ នៃពុទ្ឋសាសនាមហាយាន ដែលមានមហាករុណា ចំពោះមនុស្សលោកគ្រប់ទិសទាំង៤ ដែលខ្មែរនិយមហៅថា ព្រហ្មបាយ័ន ឬព្រហ្មមុខ៤។
ព្រហ្មបាយ័ន មានព្រះភ័ក្ត្រញញឹម បែរទៅរកកូនចៅខ្មែរគ្រប់ទិសទី ប្រកបដោយព្រហ្មវិហារធម៌ ៤ គឺ មេត្តា ករុណា មុទិតា ឧបេក្ខា។ ព្រហ្មវិហារធម៌ទាំង៤នេះ គឺជាមូលដ្ឋានសំខាន់ សម្រាប់ស្ថាបនានូវសុខសន្តិភាព និងវប្បធម៌អហិង្សាក្នុងសង្គមខ្មែរ ។
គួរបញ្ជាក់ថា ស្ពានជ្រោយចង្វារមិត្តភាពកម្ពុជា-ចិន ត្រូវបានបើកការដ្ឋានសាងសង់ កាល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១១ ដែលមានប្រវែង ៧១៩ម៉ែត្រ ចំណាយពេលសាងសង់ ៣៨ខែ និងចំណាយថវិកាប្រមាណ ២៧.៥០០.០០០ ដុល្លារអាម៉េរិក ដែលជាកម្ចីឥណទានរបស់រដ្ឋាភិបាលចិន។ ស្ពាននេះ បានដាក់ឲ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ជិត ១ឆ្នាំមកហើយ ៕