ភ្នំពេញ៖ តើឃាតកម្មបាញ់សម្លាប់មន្រ្តីអាជ្ញាធរទន្លេសាបបានវិវឌ្ឍន៍ ទៅដល់ណាហើយមកដល់ពេលនេះ? ក្រុមគ្រួសារ របស់ជនរងគ្រោះ ដែលកំពុងសោកសង្រេងស្តាយស្រណោះកូនប្រុសជាទីស្រឡាញ់របស់ខ្លួននោះ ទទូចសុំឲ្យសមត្ថកិច្ច ពន្លឿនការស៊ើបអង្កេត វែកមុខជនដៃដល់មកផ្តន្ទាទោសទៅតាមច្បាប់។
លោក នីតា ជាសាច់ញាតិរបស់ជនរងគ្រោះ បានប្រាប់ ថា ការស៊ើបអង្កេតលើការបាញ់ប្រហារ សម្លាប់ក្មួយប្រុសរបស់ខ្លួនឈ្មោះ សឿង ផានិត ហាក់មានសភាពស្ងប់ស្ងាត់ គិតពីត្រឹមថ្ងៃកើតហេតុ មកដល់ពេលនេះ មិនទាន់មានតម្រុយនៃការវែងមុខឃាតកនៅឡើយទេ។
លោក នីតា បានបន្តថា ភាពយឺតយ៉ាវក្នុងការស៊ើបអង្កេតអាចបង្កជាឱកាសឲ្យជនរងគ្រោះរត់គេចខ្លួន នឹងបង្ហាញពីអសន្តិសុខនៅក្នុងសង្គមខ្មែរ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរកាន់តែភ័យខ្លាច និងព្រួយបារម្ភចំពោះសុខសុវត្ថិភាពផងដែរ។ បើតាមលោក នីតា ក្រោយកើតឃាតកម្មនេះហើយ ក្រុមគ្រួសារជនរងគ្រោះ ជាពិសេសឪពុកម្តាយ នៅតែមានការព្រួយបារម្ភ ដរាបណាឃាតក មិនត្រូវបានវែកមុខ ព្រោះខ្លាចឃាតកបន្តធ្វើសកម្មភាព គំរាមកំហែងដល់សុវត្ថិភាពរបស់ពួកគាត់។
លោក នីតា បានសម្តែងការរំពឹងទុកថា កងកម្លាំងនគរបាល និងអាវុធហត្ថក្នុងរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងនគរបាលក្រសួងមហាផ្ទៃ នឹងស្វះស្វែងស៊ើបអង្កេតស្វែងរកឃាតកពិតមកផ្តន្ទាទោស ផ្តល់នូវទំនុកចិត្តដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្រោមដំបូល សុខសន្តិភាពរបស់ប្រទេសជាតិ ក៏ដូចជាគំរាមដល់ជនទាំងឡាយ ដែលចូលចិតសម្លាប់ជីវិត ជនដទៃដោយមិនខ្លាចញញើតច្បាប់ ព្រោះតែអំណាចទឹកប្រាក់របស់ពួកគេនោះ។
សូមរំលឹកថា លោក សឿង ផានិត អាយុ ២៨ឆ្នាំ រស់នៅសង្កាត់កកាប ខណ្ឌពោធិ៍សែនជ័យ អនុប្រធានការិយាល័យនីតិកម្ម អាជ្ញាធរបឹងទន្លេសាប ត្រូវបានឃាតកបាញ់ចំនួន៣គ្រាប់ កាលពីយប់ថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០១៧ ពេលកំពុង ជិះរថយន្តបណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗតែម្តង។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ ធ្លាប់បានបញ្ជាក់ថា ករណីឃាតកម្មបាញ់ប្រហារនេះ គឺជារឿងគំនុំ មិនមែនជាករណីប្លន់នោះទេ។ នៅពេលនេះ កម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលក្រសួងមហាផ្ទៃ កំពុងតែសហការគ្នា ស៊ើបអង្កេតយ៉ាងខ្លាំង លើករណីឃាតកម្មមួយនេះ៕