ព្រះវិហារ៖ ក្រោមការផ្សព្វផ្សាយច្បាប់ ស្តីពីការថែរក្សាអាវុធខុសច្បាប់ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ដោយខុសច្បាប់ ត្រូវបានបងប្អូន ប្រជាពលរដ្ឋ ហាក់មានការភ្ញាក់រលឹក បានយកកាំភ្លើងច្នៃគ្រប់ប្រភេទចំនួន២៨ដើម ត្រូវបានប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់ជូនសមត្ថកិច្ច នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ។
លោកវរសេនីយ៍ទោ ឡាញ់ លីសីវឡេង អធិការនគរបាលស្រុកគូលែន បានថ្លែងថា អាវុធកែច្នៃទាំងនោះ ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍ រដ្ឋបាល ស្រយ៉ង់ បានដឹកជញ្ជូនប្រគល់ឲ្យអធិការនគរបាលស្រុកគូលែន ធ្វើត្រួតពិនិត្យ និងថែរក្សាទុកផងដែរ។
លោកវរសេនីយ៍ទោ ឡាញ់ លីសីវឡេង បានឲ្យដឹងថា ដោយមានការណែនាំពីលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធាន គណៈ បញ្ជាការឯកភាពរដ្ឋបាល ខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ បានចុះអប់រំពីវិធានការ ចុះផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋឲ្យយល់ដឹងពីការរក្សាអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ដែលជាអាវុធធ្វើឲ្យមានគ្រោះថ្នាក់ដល់ ជីវិតខ្លួនឯង អ្នកដ៏ទៃ និងធ្វើឲ្យមានទោសនោះ ប្រជាពលរដ្ឋហាក់មានការភ្ញាក់រលឹកយល់ដឹងបាននាំគ្នាយកអាវុធកែច្នៃទាំងនោះ មកប្រគល់ឲ្យ កម្លាំងនគរបាលប៉ុស្តិ៍ ស្រយ៉ង់ ហើយពេលនេះប៉ុស្តិ៍បានប្រគល់អាវុធទាំងនេះមកអធិការ ស្រុកដើម្បីថែរក្សាទុកដាក់បន្ត។
សូមបញ្ជាក់ថា មួយរយៈប៉ុន្មានខែកន្លងមកនេះ អាវុធកែច្នៃជាច្រើន ត្រូវបានជនអគតិមួយចំនួនយកទៅប្រើប្រាស់បង្កជាករណី ឃាតកម្ម សម្លាប់មនុស្ស ដែលកើតឡើងយ៉ាងច្រើន ក្នុងទឹកដីខេត្តព្រះវិហារ ដូច្នេះសូមប្រជាពលរដ្ឋ មេត្តាសហការជាមួយ សម្លាំងសមត្ថកិច្ច ដើម្បីប្រមូលកាំភ្លើងច្នៃគ្មានច្បាប់ទម្លាប់ទាំងអស់ប្រគល់ឲ្យខាងមន្ត្រីជំនាញ ដើម្បីរក្សាទុកចៀសវាង ជនខិលខូចមួយចំនួនយកកាំភ្លើង កែច្នៃនេះ ទៅបង្កបញ្ហាអសន្តិសុខនានា ក្នុងមូលដ្ឋានជាដើម៕