កំពង់ធំ៖ ទឹកភេសជ្ជៈ និងផលិតផលមួយចំនួន ដែលខូចគុណភាពនាំចូលពីប្រទេសវៀតណាម និងក្នុងស្រុក ដែលក្រុមអាជីវករយកដាក់លក់ នៅផ្សារតាំងក្រសាំង ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងនោះ ត្រូវបានមន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានរកឃើញ និងប្រមូលយកទៅដុត កម្ទេចចោល។
ការរកឃើញទំនិញខូចគុណភាពទាំងនេះ បានធ្វើឡើងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧នេះ ពេលមន្រ្តីកាំកុងត្រូល សហការជាមួយ មន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បានបន្តចុះពិនិត្យ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សារតាំងក្រសាំង ស្ថិតនៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីចូលរួមលើកកម្ពស់សុខភាព និងសុវត្ថិភាពចំណីអាហារ តាមការណែនាំពីថ្នាក់ដឹកនាំ។
មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីចុះត្រួតពិនិត្យ ក្រុមការងារបានរកឃើញផលិតផលជាច្រើន ដែលខូចគុណភាព ដូចជា៖ ទឹកក្រូច ម៉ាកសាំម៉ូរ៉ៃ ចំណុះ៤៤០ml ចំនួន៣៥ដប ផលិតនៅប្រទេសកម្ពុជា ទឹកក្រូច ម៉ាកកូកាកូឡា ចំនួន៣៣០ml ចំនួន៤៨កំប៉ុង ផលិតនៅប្រទេសកម្ពុជា ទឹកផ្លែឈើ ម៉ាកRainy ចំណុះ២៧០ml ចំនួន៣៦០កញ្ចប់ ផលិតនៅប្រទេសកម្ពុជា មីម៉ាម៉ាចំនួន៤០កញ្ចប់ ផលិតនៅប្រទេសខ្មែរ ចាហួយដូងម៉ាកThanh Binh ចំនួន៨កញ្ចប់ ផលិតនៅវៀតណាម និងចាហួយដូង ម៉ាកDang Khoa ចំនួន៣កញ្ចប់ ផលិតនៅវៀតណាម ហើយបន្ទាប់ពីរកឃើញទំនិញខូចគុណភាពទាំងនេះ ក្រុមការងារទាំងអស់បានធ្វើកំណត់ហេតុ និងដកហូតយក ទៅដុតកម្ទេចចោល។
ជាមួយគ្នានោះ ក្រុមកាងារក៏បានចែកផ្សាយ នូវរូបភាពPoster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹង ពីផលវិបាកដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ ចូលក្នុងម្ហូបអាហារ។
ទន្ទឹមនឹងនេះ ក្រុមការងារបានណែនាំដល់អាជីវករ ឲ្យចៀសវៀងពីការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំអាជីវករឲ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ទៅតាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ដោយមិនត្រូវដាក់តាំង លក់ទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រេះស៊ី និងទំនិញដែលមានសារធាតុគីមីហាមឃាត់។
យ៉ាងណាមិញ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានដាក់បទបញ្ជាឲ្យ មន្រ្តីសាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារពិសេសទំនិញ នាំចូលតាមមាត់ច្រកទ្វារព្រំដែន ដើម្បីចូលរួមចំណែកលើការការពារសុវត្ថិភាព ចំណីអាហារដល់ប្រជាពលរដ្ឋ៕