ក្រចេះ៖ កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើក្រចេះ សង្កាត់ថ្មក្រែ សហការជាមួយកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តក្រចេះ បានបើកប្រតិបត្តិការបង្រ្កាបរថយន្ដសាំងយ៉ុង ដឹកឈើ១គ្រឿង នៅចំណុចភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្តបុរី ខេត្តក្រចេះ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ។
មន្រ្តីនគរបាលសេដ្ឋកិច្ចខេត្តក្រចេះ បានឲ្យដឹងថា រថយន្ដសាំងយ៉ុងដែលដឹកឈើ១គ្រឿងនេះ ត្រូវបានកម្លាំងសមត្ថកិច្ចតាមតាំងពីចំណុចឃុំចង្រ្គង់ ហើយបានសហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើ រហូតដល់ចំណុចឃុំបុសលាវ ទើបឃាត់រថយន្តដឹកឈើខុសច្បាប់នេះបាន។
មន្រ្តីផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានឲ្យដឹងថា ឈើទាំងនោះជាឈើត្រសេកភ្នុំ ប្រភេទឈើលេខ១មានចំនួន១៦ដុំ មានមុខកាត់ធំៗ តែមិនទាន់ដឹង តួលេខនៅឡើយទេ ព្រោះកម្លាំងរដ្ឋបាលព្រៃឈើកំពុងធ្វើការវាស់វែងនៅឡើយ។
បច្ចុប្បន្នរថយន្ដ និងឈើត្រូវបានយកមករក្សាទុកនៅស្ថានីយ៍បណ្ដុះកូនខ្សា ដើម្បីចាត់ការតាមនីតិវិធី ច្បាប់នៅពេលក្រោយ៕