ខេត្តព្រះសីហនុ៖ លោក កង ឌីណា ប្រធានមន្ទីរធម្មការខេត្តព្រះសីហនុ និង ស្ត្រីឈ្មោះ កុក សុខា ប្រធានការិយាល័យគណនេយ្យ មន្ទីរធម្មការ អ្នកទាំងពីរកំពុងត្រូវបានគេសង្ស័យថា ឃុបឃិតគ្នាប្រើល្បិចដាក់ឈ្មោះបងប្អូនធ្វើជាមន្ត្រីជាប់កិច្ចសន្យា ដើម្បីបើកប្រាក់បៀវត្សប្រចាំខែរបស់ក្រសូងចែកគ្នាចាយយ៉ាងរលូន ហើយអំពើបែបនេះត្រូវបានគេអះអាងថាកើតមានរាប់ឆ្នាំមកហើយ។
យោងតាមប្រភពព័ត៌មានមួយចំនូនបានលូចបង្ហើបប្រាប់ឲ្យដឹងថា នៅមន្ទីរធម្មការ និងសាសនាខេត្តព្រះសីហនុមានមន្ត្រីជាប់កិច្ចសន្យាចំនូន១២នាក់ដែល ស៊ីប្រាក់បៀវត្សប្រចាំខែពីក្រសូងធម្មការ និងសាសនាក្នុងមួយនាក់ៗចំនូន១៤០០០០រៀលក្នុងមួយខែ។ ដោយប្រភពដដែលបានអះអាងថា ក្នុងចំណោមមន្ត្រីជាប់កិច្ចសន្យាទាំង១២នាក់ខាងលើមានចំនូនប្រមាណ៥ ទៅ៦នាក់ជាបងប្អូនសាច់ញាតិរបស់ស្ត្រី សុខា ប្រធានការិយាល័យគណនេយ្យ មន្ទីរធម្មការ ហើយមនុស្សទាំងអស់នោះមិនបានមកធ្វើការទេ គឺដាក់តែឈ្មោះចាំបើកតែប្រាក់ខែតែប៉ុណ្ណោះ។
លោក កង ឌីណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តព្រះសីហនុជុំវិញបញ្ហានេះបានធ្វើការបំភ្លឺថា មន្ត្រីជាប់កិច្ចសន្យាពិតជាមានមែនតែមិនមែនបានន័យថាសុទ្ធសឹងជា សាច់ញាតិ ឬបងប្អូននោះទេ ហើយចំពោះរឿងបញ្ហាបើកប្រាក់ខែបច្ចុប្បន្នក៍មិនមានការពាក់ព័ន្ធ ជាមួយមន្ទីរនោះដែរ គឺក្រុមមន្ត្រីជាប់កិច្ចសន្យាដល់ខែគេបើកលុយដោយខ្លូនឯងតាមរយៈកាត (ATM) ដែលក្រសូងរៀបចំឲ្យ ដូចនេះមានរឿងអី ពាក់ព័ន្ធជាមួយនឹងមន្ទីរទៀត។
សូមរំលឹកផងដែរថា លោក កង ឌី ណា រូមនឹងស្ត្រី ឈ្មោះ កុក សុខា ប្រធានការិយាល័យគណនេយ្យ មន្ទីរធម្មការកាលពីអំឡុងឆ្នាំ២០០៩ រហូតដល់២០១០ក៍ធ្លាប់មានរឿងអាស្រូវជាប់ពាក់ព័ន្ធនឹងថវិកាគម្រោង ឧបត្ថម្ភរបស់អង្គការ UNICEF សម្រាប់អ្នកកើតជម្ងឺអេដស៍ ចំនួន ៨០នាក់ ក្នុងចំនូនទឹកប្រាក់ប្រមាណជាង ១ម៉ឺនដុល្លាសហរដ្ឋអាមេរិក រួមនឹងថវិកាឧបត្ថម្ភរបស់មន្ត្រីជាប់កិច្ចសន្យា ចំនួន៨នាក់ ស្មើនឹងទឹកប្រាក់ប្រមាណ ១២លានរៀលផងដែរ ដោយកាលនោះលោក កង ឌី ណា និងស្ត្រី កុក សុខា បានប្រើប្រាស់យុទ្ធវិធី ក្លែងហត្ថលេខា និងក្លែងលិខិតសាធារណៈ យ៉ាងរលូនស៊ីដាក់ប្រាក់ទាំងនោះ។
ទោះយ៉ាងណាករណីនោះត្រូវបានអ្នកកើតជម្ងឺអេដស៍ រួមគ្នាផ្តិតមេដៃប្តឹង ដាក់ទៅអោយអង្គការ UNICEF មួយច្បាប់ ដែលជាម្ចាស់ជំនួយ និងដោយអោយអង្គការលីកាដូ ប្រចាំខេត្តព្រះសីហនុ ១ច្បាប់ និង ១ច្បាប់ដាក់ទៅជូនលោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីអោយជួយរកយុត្តិធម៌ ទាមទារយកប្រាកឧបត្ថម្ភរបស់ពួកគេវិញ និង សំណូមពរអោយស្ថាប័នអ្នកអនុវត្តច្បាប់ ធ្វើការផ្តន្ទាទោស លោក កង ឌីណា និង ស្ត្រីឈ្មោះ កុក សុខា ផងដែរ ប៉ុន្តែគ្មានចំណាត់ការណាមួយធ្វើឲ្យលោក កង ឌីណា និង ស្ត្រីឈ្មោះ កុក សុខា ព្រឺរោមនឡទេ។
ក្រៅពីករណីចាងលើនេះលោក កង ឌីណា បានជាប់ចោទថា តែងតែជំរិតទារលុយដាក់ខែនៅតាមវត្តអារាម ទាមទារចែកប្រាក់កម្រៃ ដែលវត្តអារាមបានមកពីរកាធ្វើបុណ្យទានម្តងម្កាល ដូចជាបុណ្យចូលឆ្នាំ បុណ្យកឋិន បុណ្យផ្កាជាដើម ។ និយាយអោយត្រង់ទៅ អោយតែមានកម្រៃបានពីបុណ្យទាន គឺត្រូវកាត់ទឹកអោយទៅមន្ទីរធម្មការ ចំនួនប្រមាណ ៤០% ទើបបានដោយលោកប្រធានអះអាងថា យកទៅជួយសមរភូមិព្រះវិហារ ដោយហេតុផលខាងលើ លោកសង្ឃ នៅតាមវត្តអារាមមួយចំនួន សុខចិត្តអត់ចង្ហាន់ក៏យល់ព្រមដែរ អោយតែប្រាកដថា យកទៅជួយជាតិ ។
អ្វីដែលបានលើកឡើងខាងលើនេះ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រះសីហនុជាពិសេសព្រះសង្ឃនៅតាមវត្តអារាម សូមពរទៅដល់ ក្រសួងធម្មការនិងសាសនា ជាពិសេស អង្គភាពប្រឆាំងអំពើពុករលួយ មេត្តាចុះ ពិនិត្យជាក់ស្តែងដើម្បីមានវិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រ ព្រឹត្តឡើងរបស់ពូកគេក្នុង មន្ទីរធម្មការ និងសាសនាខេត្តព្រះសីហនុ ៕