ព្រះសីហនុ៖ សាខាពន្ធដារខេត្តព្រះសីហនុបានបង្ហាញរបាយករណ៍របស់ខ្លួនថា សកម្មភាពប្រមូលពន្ធ ៦ខែដើមឆ្នាំ២០១៩ បានជាង ៦៩ប៊ីលានរៀល ស្មើនិង ១០៤ភាគរយ នៃផែនកាឆ្នាំ ក្នុងនោះថវិកាជាតិជាង ២០ប៊ីលានរៀល ស្មើនិង ៨១ ភាគរយ ថវិកាថ្នាក់ក្រោមជាតិជាង ៤៨ប៊ីលានរៀល ស្មើ ១១៥ភាគរយ។
លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ ឱ្យដឹងនៅក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងារគ្រប់គ្រងប្រមូលចំណូល ពន្ធក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី១ ម្សិលមិញនេះថា ចំណូលពន្ធមានការកើនឡើងដោយសាខាពន្ធដារសហកាជាមួយអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសឱ្យមកចុះបញ្ជី ជម្រុញឱ្យមានការពិនិត្យភាពត្រឹមត្រូវនូវកិច្ចសន្យាជួលអចលន:ទ្រព្យ ការផ្សព្វផ្សាយសេចក្តីព្រាងវិធានការនានា របស់រដ្ឋបាលសារពើពន្ធ ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា វឌ្ឍនភាពនៃពន្ធដាមានការទទួលខុសត្រូវខ្ពស់ ទទួលបានផ្លែផ្កា យើងបានខិតខំរួមចំណែកគាំទ្រដល់ថ្នាក់ជាតិ និងក្រោមជាតិ បន្តកៀគរប្រមូលចំណូលពន្ធឱ្យកានតែច្រើនថែមទៀត ។ ឆ្នាំនេះចំណូលថ្នាក់ក្រោមជាតិមានចំណូលច្រើនខ្ពស់លើសផែនការឆ្នាំ សម្រាប់ថ្នាក់ក្រោមជាតិបានកើនឡើង អាចបញ្ជាក់ថា នេះជាការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្នុងការកៀគរប្រភពចំណូលពន្ធ ក៏ប៉ុន្ដែនៅមិនទាន់អស់ពីសក្តានុពលដែល យើងមានចន្លោះប្រហោងជាច្រើន ។
លោកបន្តថា ប្រភេទពន្ធមាន ៨ប្រភេទ បច្ចុប្បន្នយើងទើបតែប្រមូលបានតែ២ គឺពន្ធប្រថាប់ត្រា និងពន្ធជួលផ្ទះ ។ រដ្ឋបាលខេត្តបានប្រជុំផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋានចុះស្រង់ស្ថិតិទីតាំងអាជីវកម្មនៅក្នុងមូលដ្ឋាន ដើម្បីយើងមានទិន្នន័យសម្រាប់មន្ត្រីពន្ធដារមានលទ្ធភាពក្នុងការប្រមូលចំណូល ពន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិកាន់តែកើនឡើង ដើម្បីយកមកធ្វើការអភិវឌ្ឍមូលដ្ឋានរបស់យើង ។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារមានប្រសាសន៍ថា ការប្រមូលពន្ធនៅខេត្តព្រះសីហនុ មានការកើនឡើង ដោយសារមន្ត្រីសាខាពន្ធដារខិតខំប្រមូលប្រភពចំណូល ជាផលប្រយោជន៍ នៃប្រទេសជាតិ ។ តាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវឱ្យគ្រប់ផ្នែកគាំទ្រអង្គភាព២ គឺពន្ធដារ និងគយ ក្នុងការកៀរគរប្រភព ចំណូល ដោយសារខេត្តព្រះសីហនុ មានសក្តានុពលធំធេង ហើយការប្រមូលចំណូលមិនទាន់ឆ្លើយតបទៅនឹងកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្ត ព្រមទាំងធ្វើការណែនាំឱ្យមន្ត្រីពន្ធដារ ចុះផ្សព្វផ្សាយឱ្យក្រុមហ៊ុនសំណង់ក្នុងខេត្ត ត្រូវតែមកចុះបញ្ជីឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងឱ្យអ្នកវិនិយោគគិនបរទេស ត្រូវគោរពច្បាប់កម្ពុជា ៕