ភ្នំពេញ៖កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តសេចក្ដីព្រាងស្ដីពី “គោលនយោបាយជាតិភាសាខ្មែរ” ទាំងស្រុងដើម្បីជំរុញឱ្យមានការឯកភាពគ្នាក្នុងការប្រើភាសាជាតិ ដូចជាសំណេរ អំណាន ការបង្កើតពាក្យ កម្ចី ជាដើម ដោយធានាបាននូវការអភិរក្សនិងការអភិវឌ្ឃភាសាខ្មែរ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងក្រោយកិច្ចប្រជុំនៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១៩ នេះថា គោលនយោបាយជាតិស្ដីពីភាសាខ្មែរនេះ គឺជាការឆ្លុះបញ្ចាំងនូវការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាលនិងជាផែនទីបង្ហាញផ្លូវសម្រាប់ក្រុមប្រឹក្សាជាតិភាសាខ្មែរ និងក្រសួង ស្ថាប័នពាក់ព័ន្ធ បំពេញបេសកកម្មដ៏ពិសិដ្ឋរបស់ខ្លួន ដើម្បីឈានទៅសម្រេចចក្ខុវិស័យ គោលបំណង និងគោលដៅដែលបានកំណត់។
លោកបន្តថា ក្នុងការអនុវត្តគោលនយោបាយនេះឱ្យបានជោគជ័យ រាជរដ្ឋាភិបាលសង្ឃឹមយ៉ាងម៉ុតមាំថានឹងមានការចូលរួមគាំទ្រពីគ្រប់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ទាំងធនធានមនុស្ស ទាំងសម្ហារៈនិងហិរញ្ញវត្ថុ ។
ភាសាខ្មែរដែលជាភាសាមរតកផ្ទាល់នៃភាសាខ្មែរបុរាណ គឺជាភាសាមួយក្នុងចំណោមភាសាប្រមាណជា១៤៤នៃសាខាភាសាមន ខ្មែរក្នុងអម្បូរភាសាអូស្ដ្រូអាស៊ី។ ភាសាខ្មែរបុរាណនៅ តែមានសារៈសំខាន់ ដោយហេតុថា ភាសាមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាភាសាថៃ ភាសាឡាវ ភាសាកួយ ភាសាព្នង ភាសាស្ទៀង និងភាសាជនជាតិដើមភាគតិចដទៃទៀត សុទ្ធតែមានទទួលឥទ្ធិពលពីភាសាខ្មែរ។
ចំណែកឯភាសាខ្មែរផ្ទាល់ក៏បានវិវត្តក្នុងប្រវត្តិដ៏យូរលង់របស់ខ្លួន និងបានទទួលឥទ្ធិពលពីភាសានិងវប្បធម៌ឥណ្ឌាភាគខាងត្បូង ដែលជាហេតិនាំឲ្យមានការខ្ចីពាក្យពីភាសាសំស្រ្កឹតនិងភាសាបាលីមកប្រើក្នុងភាសាខ្មែរ ដែលភាគច្រើនក្នុងវិស័យទស្សនវិជ្ជា សាសនា ច្បាប់ រដ្ឋបាល អប់រំ ផ្នែកបច្ចេកទេសនានាជាដើម។
ដោយហេតុថាប្រទេសកម្ពុជា ស្ថិតនៅក្រោមអាណាព្យាបាលបារាំងជិតមួយសតវត្សរ៍ ភាសាខ្មែរក៏បានទទួលឥទ្ធិពលពីភាសាបារាំង ហើយភាសានេះត្រូវបានប្រើជាភាសាសំខាន់មួយ។
ភាសាបារាំងបានចាប់ផ្ដើមថមថយឥទ្ធិពល ចាប់ពីពាក់កណ្ដាល់ទី២នៃសតវត្សរ៍ទី២០ក្រោយប្រទេសកម្ពុជាទទួលបាន ឯករាជ្យ។ ចាប់តាំងពីឆ្នាំ១៩៩៣ ព្រះរាជាណាចក្រកម្ពុជាអនុវត្ដនយោបាយប្រជាធិបតេយ្យសេរីពហុបក្សនិងដោយសារឥទ្ធិពលនៃសាកលភាវូបនីយកម្ម ភាសាអង់គ្លេសបានក្លាយជាភាសាសំខាន់មួយ។
ទន្ទឹមនឹងការវិវត្ដនេះ អក្សរខ្មែរក៏មានប្រវត្ដិដ៏យូរលង់របស់ខ្លួនផងដែរ។ សិលាចារឹករាប់រយផ្ទាំងដែលមានចុះកាលបរិច្ឆេទពីសតវត្សរ៍ទី៧ដល់ទី១៥នៃគ.ស ដែលត្រូវបានគេរកឃើញរហូតមកដល់សព្វថ្ងៃក្នុងព្រះរាជាណាចក្រកម្ពុជា នៅភាគខាងត្បូងនៃប្រទេសវៀតណាម នៅប្រទេសថៃ និងនៅប្រទេសឡាវ ជាអំណះអំណាងអំពីអត្ថិភាពនិងកិត្យានុភាពនៃភាសាខ្មែរបុរាណ។
សិលាចារឹកនៅអង្គរបុរីចុះកាលបរិច្ឆេទឆ្នាំ៦១១នៃគ.ស ត្រូវបានចាត់ទុកថាជាសិលាចារឹកជាភាសាខ្មែរដំបូងដែលបានខ្ចីអក្សរព្រហ្មីនៃឥណ្ឌាភាគខាងត្បូង។ អក្សរខ្មែរបុរាណនេះមានការវិវត្ដធំៗចំនួនដប់លើករហូតមកដល់បច្ចុប្បន្ន ដែលមានរូបរាងពីរសណ្ឋានគឺអក្សរមូលនិងអក្សរជ្រៀង៕