ភ្នំពេញ ៖ លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យបានដឹកនាំកម្លាំងចុះទៅបញ្ឈប់ទីតាំង សំណង់ផ្ទះវិឡា ផ្ទះល្វែង គ្មានច្បាប់៣ទីតាំង ក្នុងសង្កាត់ចាក់អង្រែក្រោម កាលព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩នេះ។ ការចុះបង្ឈប់នេះក៏ព្រោះតែទីតាំងនេះមិនមានច្បាប់ឬ លិខិតអនុញ្ញាតត្រឹមត្រូវ។
លោកអភិបាលរងខណ្ឌមានជ័យបានអោយដឹងថា ទី១. សំណង់ផ្ទះល្វែង ធីជី (TG) ដែលពុំមានច្បាប់អនុញ្ញាត (ពុំទាន់បង្ហាញលិខិតអនុញ្ញាត) របស់ម្ចាស់ឈ្មោះ ផេង ងួន ភេទប្រុស ដែលមានទីតាំងនៅចំណុច (អតីតតារាងបាល់ទាត់) ផ្លូវបេតុងផ្សារក្រមួន ស្ថិតក្នុងភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ចំពោះសំណង់ផ្ទះល្វែង ធីជី (TG)នេះ បើតាមក្រុមការងាររដ្ឋបាលខណ្ឌមានជ័យ បានបញ្ជាក់ប្រាប់ថា នេះជាលើកទីពីរហើយ ដែលក្រុមការងារចុះមកធ្វើការផ្អាកសំណង់នេះ ដែលមានម្ចាស់ឈ្មោះ ប៉េង ងួន ដោយមិនទាន់មានច្បាប់អនុញ្ញាតិ ក្នុងការសាងសង់នៅឡើយ។
ក្រុមការងារបានណែនាំឲ្យបញ្ឈប់សកម្មភាពសាងសង់ជាបន្ទាន់ រហូតមានច្បាប់អនុញ្ញាតសាងសង់ ទើបបន្តឲ្យសាងសង់ទៀតបាន ក្នុងករណីមិនអនុវត្តតាមការណែនាំទេ ក្រុមការងាររដ្ឋបាលខណ្ឌមានជ័យ និងមានវិធានការតាមផ្លូវច្បាប់ ដោយរឹបអូសយកសម្ភារៈសំណង់តែម្ដង។
ទី២. សំណង់ផ្ទះវិឡា Eo,E1,E2 ដែលពុំមានច្បាប់អនុញ្ញាត (ពុំទាន់បង្ហាញលិខិតអនុញ្ញាត) របសម្ចាស់ឈ្មោះ ទុយ ប៉ោ ភេទប្រុស ដែលមានទីតាំងនៅផ្លូវលំ ក្រុមទី៣៣ ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ជាក់ស្តែង ពេលចុះមកទីតាំងផ្ទាល់ ក្រុមការងារបានសួរម្ចាស់សំណង់រកឯកសារ ច្បាប់អនុញាតិសាងសង់ តែម្ចាស់សំណង់ បានប្រាប់ថា មិនទាន់បានធ្វើច្បាប់នៅឡើយ សំណង់ដែលសាងសង់រួចរាល់បានជាង៧០% ហើយ ទោះយ៉ាងណា ក្រុមការងារក៏បានណែនាំឱ្យបញ្ឈប់សកម្មភាពសាងសង់ជាបន្ទាន់ រហូតមានច្បាប់អនុញ្ញាតសាងសង់ ទើបបន្តឲ្យសាងសង់ទៀតបាន ក្នុងករណីមិនអនុវត្ត តាមការណែនាំទេ ក្រុមការងារនិងមានវិធានការតាមផ្លូវច្បាប់ ដោយរឹបអូសយកសម្ភារៈសំណង់តែម្ដង។
ទី៣. សំណង់ផ្ទះល្វែង ទើបសាងសង់ នៅច្រកផ្លូវបេតុង ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលម្ចាស់កំពុងសុំច្បាប់អនុញាតិ ពីការិយាល័យរៀបចំដែនដី គនរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បីធ្វើការសាងសង់ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសសំណង់ផងដែរ។
ក្រោយពីណែនាំរួច លោក សំ ហុង មេការសំណង់តំណាងឲ្យលោក ផេង ងួន និងលោក ទុយ ប៉ោ បានយល់ព្រមអនុវត្តតាមការណែនាំរបស់ក្រុមការងារផ្អាកការសាងសង់ ដោយបានធ្វើកំណត់ហេតុ ផ្ដិតមេដៃទុកជាភស្តុតាងផងដែរ៕