ខេត្តមណ្ឌលគិរី ៖ ក្នុងរយៈពីរថ្ងៃ ផ្នែករដ្ឋបាលព្រៃឈើកែវសីមា សហការជាមួយនគរបាលអធិការដ្ឋានស្រុក ចាប់បង្ក្រាបបានរថយន្តដឹកឈើប្រណិតចំនួនពីរគ្រឿងជាបន្តបន្ទាប់ ។ ប្រតិបត្តិការណ៏នេះធ្វើនៅថ្ងៃទី២៤-២៥ តុលា នៅចំនុចមុខផ្ទះប្រជាពលរដ្ឋ ច្រកចូលទៅផ្លូវសាលាស្រុកចាស់ ក្នុងភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា។
លោករឿង សុផាត នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមាបានឲ្យដឹងថា ឈើប្រណិតដែលកម្លាំងជំនាញនឹងកម្លាំងនគរបាលបង្ក្រាបបានមានចំនួនសរុប៣១កំណាត់ សុទ្ឋសឹងជាប្រភេទឈើបេង ។ លោកបន្តថា នៅថ្ងៃទី២៤ តុលា កម្លាំងជំនាញចាប់បង្ក្រាបបានរថយន្តម៉ាក ឡង់គ្រីស័រកែច្នៃ ដែលមានផ្ទុកឈើប្រភេទបេងចំនួន២២ដុំ នឹងនៅថ្ងៃទី២៥ តុលា កម្លាំងជំនាញធ្វើការចាប់បង្ក្រាបបន្តបាន រថយន្តម៉ាកធុនត្រា មានផ្ទុកឈើប្រណិតបេងចំនួន៩ដុំ។ ក្រោយពីចាប់បង្ក្រាបបានជោគជ័យទាំងពីករណីរថយន្តល្មើសនឹងវត្ថុតាង ត្រូវបានជំនាញយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកែវសីមា ដើម្បីចាត់ការតាមច្បាប់។
ដោយឡែក តាមសេចក្តីរាយការណ៏ពីស្រុកកោះញែកបានឲ្យដឹងថា ជំនួញឈើប្រណិតកំពុងមានសកម្មភាពមមាញឹកជាខ្លាំង បន្ទាប់ពីរដូវប្រាំងបានឈានចូលមកដល់ ខណៈការដឹកជញ្ជូនឈើតាមរយៈរថយន្តគ្រប់ប្រភេទ ជាពិសេសរថយន្តប្រភេទសាំយ៉ុង ត្រូវបានគេមើលឃើញថា មានសកម្មភាពច្រើនក្នុងការដឹកជញ្ជូនឈើប្រណិត យកទៅលក់តាមព្រំដែននានាក្នុងខេត្តរតនគិរី ។
ប្រភពបានឲ្យដឹងថា ឈើដែលគេដឹកចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរីទៅខេត្តរតនគិរី គឺត្រូវឆ្លងកាត់មុខមន្ត្រីមានសមត្ថកិច្ចគ្រប់ប្រភេទ រួមទាំងមន្ត្រីជំនាញផងដែរ។ បើគេគិតពីចង្ងាយផ្លូវពីស្រុកកោះញែកទៅព្រំដែនអូរយ៉ាដាវខេត្តរតនគិរី គឺត្រូវឆ្លងកាត់ស្រុកជាច្រើនដូចជា ស្រុកកោះញែក(មណ្ឌលគិរី) ស្រុកលំផាត់ ក្រុងបានលុង ស្រុកបកែវ នឹងចុងក្រោយគេគឺស្រុកអូយ៉ាដាវ (រតនគិរី) ដែលមានច្រករបៀងជាច្រើន សម្រាប់នាំឈើចេញទៅក្រៅប្រទេស៕