ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅម្ពុជាបានយល់ព្រមផ្តល់ថវិកាចំនួន ៣១០,៧៧៧ ដុល្លារអាមេរិកដល់ AAR Japanក្រោមគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុនសម្រាប់“លើកកម្ពស់ការអប់រំបរិយាប័ន្នសម្រាប់កុមារពិការ តាមរយៈពង្រឹងការអនុវត្តក្នុងតំបន់គំរូ និងការអភិវឌ្ឍប្រព័ន្ធវាយតម្លៃការអប់រំបរិយាបន្ន” (ឆ្នាំទី១)។
ចាប់តាំងពីឆ្នាំ ២០១៣ AAR Japan បានអនុវត្តគម្រោងនានាសម្រាប់លើកកម្ពស់ការអប់រំបរិយាបន្នក្នុងខេត្តកណ្តាល។ នៅក្នុងគម្រោងដែលបានចុះហត្ថលេខាថ្មីនេះ AAR Japan នឹងបង្កើតប្រព័ន្ធវាយតម្លៃលើការអនុវត្តការអប់រំបរិយាបន្ននិងអនុវត្តសកម្មភាពដើម្បីគាំទ្រដល់ការបង្កើនសមត្ថភាពរបស់ “គណៈកម្មការគាំទ្រជនពិការថ្នាក់រដ្ឋបាលឃុំ“។ តាមរយៈគម្រោងនេះបរិយាកាសសិក្សានិងគុណភាពនៃការអប់រំសម្រាប់កុមារដែលមានពិការភាពនឹងត្រូវបានកែលម្អ។
នៅក្នុងសុន្ទរកថារបស់ លោក HORINOUCHI Hidehisa ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញនេះ បានថ្លែងអំណរគុណ និងសង្ឃឹមលើភាពជោគជ័យ នៃគម្រោងនិងការរីកចំរើន បន្ថែមទៀតនូវ ចំណងមិត្តភាពរវាងជប៉ុន-កម្ពុជា។
កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមនៅម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពអង្គការក្រៅរដ្ឋាភិបាលជប៉ុនក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។
ចាប់តាំងពីឆ្នាំ ២០០២ មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថិវកាជាង ៣៦ លានដុល្លារអាមេរិកដល់គម្រោង១១៨ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកម្មសិកម្ម និងសកម្មភាព បោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕