ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋ២៣៩គ្រួសាររស់នៅក្នុងភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានមន្ត្រីជំនាញប្រកាសតំបន់វិនិច្ឆ័យដើម្បីចុះបញ្ជីដីជាលក្ខណៈជាប្រព័ន្ធនៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩។
អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែងការកោតសសើរ ដល់មន្រ្តីជំនាញ និងថ្នាក់ដឹកនាំ នៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការចុះបញ្ជីដីជាជាលក្ខណះប្រព័ន្ធជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចំណាយពេលវេលា មកចូលរួមក្នុងពិធីប្រកាសតំបន់វិនិច្ឆ័យ ដើម្បីចុះបញ្ជីដីជាលក្ខណះប្រព័ន្ធនេះផងដែរ។ អភិបាលខេត្តមណ្ឌលគិរី លើកឡើងថា ការចូលរួមរបស់ប្រជាពលរដ្ឋ ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្រោមការគ្រប់គ្រង របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាមួយអាជ្ញាធរខេត្ត អាជ្ញាក្រុង ឃុំសង្កាត់ ក្នុងការអនុវត្តន៍ទៅលើវិស័យដីធ្លី។
សូមបញ្ជាក់ថា ការវិច្ឆ័យ និងការចុះបញ្ជីដីជាលក្ខណះប្រព័ន្ធត្រូវប្រតិបត្តិដោយកិច្ចសហការរវៀងអាជ្ញាធរមូលដ្ឋាន ជាមួយមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង និងសូរិយោដី ហើយប្រជាពលរដ្ឋដែលមានដីស្រែ ដីចំការ ដីលំនៅដ្ឋាន និងផ្ទៃដីសាងសង់ទាំងអស់ ដែលមានក្បាលដីស្ថិតក្នុងតំបន់វិច្ឆ័យចុះបញ្ជីដីជាលក្ខណះជាប្រព័ន្ធ ត្រូវចូលរួមសហការជាមួយមន្រ្តីជំនាញសូរិយោដី នៃក្រុមការងារដីធ្លី នៅក្បាលដីរបស់ខ្លួន៕