ខេត្តមណ្ឌលគិរី៖ ប្រមាណ១ឆ្នាំចុងក្រោយនេះខេត្តមណ្ឌលគិរី ត្រូវបានគេមើលឃើញថា មានការអភិវឌ្ឍន៍រីកចម្រើនថែមមួយកម្រិត ព្រោះសមិទ្ធផលថ្មីៗជាច្រើនបានកើតឡើង បូករួមទាំងកំណើនភ្ញៀវទេសចរណ៍ ការរីកដុះដាលនៃផ្នែកហេដ្ឋារចនា សម្ព័ន្ធនានាជាដើម ដែលធ្វើឲ្យខេត្តភាគឥសាន្តមួយនេះ មានភាពខុសប្លែកពីមុន។
អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង បានអោយដឹងថា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណាត្តិទី៦ឆ្នាំ២០១៨ រហូតមកដល់ពេលនេះ ខេត្តមណ្ឌលគិរីមានការរីកចម្រើនមួយជំហ៊ានទៀត ជាសេសគឺ វិស័យ៣យ៉ាង ដែលរដ្ឋបាលខេត្តផ្ដោតក្នុងការអភិវឌ្ឍន៍ ទី១ គឺការកសាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត ទី២ ការអភិវឌ្ឍន៍វិស័យ ទេសចរណ៍ និងទី៣ ការពង្រីកវិស័យកសិកម្ម។
ឯកឧត្ដម ស្វាយ សំអ៊ាង លើកឡើងទៀតថា ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណ្ឌភាពនៅក្នុងក្រុង កំពុងមានការក៏សាងសួនច្បារធំមួយនៅលើទីតាំងអតីតព្រលានយន្តហោះ និងមានសង់វិមានឯករាជ ព្រមទាំងបំពាក់ភ្លើង បំភ្លឺតាមដងផ្លូវបានជាច្រើនថែមទៀត ។
ជាមួយគ្នានេះដែរប្រមាណ១ឆ្នាំមកនេះ រដ្ឋបាលខេត្តបានស្ថាបនាប្រភេទផ្លូវ កៅស៊ូ ផ្លូវក្រួសក្រហម និងផ្លូវបេតុង សរុបក្នុងខេត្តបានជាង១០ខ្សែមានប្រវែងរាប់រយគីឡូម៉ែត្រពីទីប្រជុំជនដល់ជនបទ និងបានធ្វើស្ពានប្រភេទប៉ាឡេ ស្ពានថ្ម បានជាង១០កន្លែងផងដែរ ។
ឯកឧត្ដមអភិបាលខេត្តបន្តថា វិស័យទេសចរណ៍ ក៏ជាផ្នែកចម្បងមួយ ដែលរដ្ឋបាលខេត្តមណ្ឌលគិរី បានខិតខំអភិវឌ្ឍន៍ និងទទួលលទ្ធផលល្អប្រសើរ មានកំណើនភ្ញៀវទេស ចរណ៍ជាតិ-អន្តរជាតិកាន់តែច្រើនឡើង ដោយអាជ្ញាធរខេត្តបានធ្វើការកែលំអរតាមរមណីយដ្ឋាននានាឲ្យស្អាតជាងមុន និងមានដៃគូក្នុងការអភិវឌ្ឍន៍តាមរមណីយដ្ឋាននីមួយៗ ព្រមទាំងមានផ្ទះសំណាក់-សណ្ឋាគារសមល្មម អាចឆ្លើយតបតាមកំណើនភ្ញៀវទេសចរណ៍ ។
ឯកឧត្ដមបន្ថែមថា សម្រាប់វិស័យកសិកម្មរយៈពេល១ឆ្នាំកន្លងមកនេះពិនិត្យឃើញថា ប្រជាកសិករបានពង្រីកការដាំដុះលើដំណាំកសិកម្ម-កសិកឧស្សាហកម្មមួយកម្រិតថែមទៀតដែរ តួយ៉ាងដូចជាកៅស៊ូនិងកាហ្វេ ដោយវិស័យកសិកម្មនេះក៏ជាផ្នែកមួយយ៉ាងសំខាន់ជួយបង្កើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់ខេត្តមណ្ឌលគិរីទាំងមូលផងដែរ ។
ជាមួយគ្នានោះប្រជាពលរដ្ឋក្រុងសែនមនោរម្យ បានទទួលស្គាល់ថា ខេត្តមណ្ឌលគិរីមួយរយៈ ចុងក្រោយនេះពិតជា មានភាពខុសប្លែកច្រើន ដោយប្រព័ន្ធផ្លូវថ្នល់-ស្ពានក៏តភ្ជាប់គ្នាបានច្រើនខ្សែ ហើយក្នុងក្រុង សែនមនោរម្យ លើអតីតព្រលានយន្តហោះកំពុងមានការសង់សួនច្បារ និងវិមានឯករាជ្យ ផងនោះមើលទៅស្រស់ស្អាតប្លែកណាស់ ។
អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា លើវិស័យសំណង់ក្នុងខេត្តមណ្ឌលគិរីក្នុងឆ្នាំ ២០១៩នេះ មានការកើនឡើងប្រហែល២០%ផងដែរ បើធៀបនិងឆ្នាំមុន និងកំពុងសាងសង់អាគាររដ្ឋបាលថ្មី ព្រមទាំងសាលាប្រជុំថ្មី ដែលអាចផ្ទុកចំនួនមនុស្សដល់ទៅ៦០០នាក់ក្នុងការប្រារព្ធពិធីផ្សេងៗនៅសាលាខេត្តមណ្ឌលគិរី ៕