ខេត្តព្រះសីហនុ៖ខណៈក្រុងព្រះសីហនុ កំពុងរងនូវផលប៉ះពាល់លើបញ្ហាជន់លេចយ៉ាងខ្លាំង ក្រុមហ៊ុន Yunnan របស់ចិនមានបំណងវិនិយោគ លើប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ក្នុងខេត្តនេះ។
អគ្គនាយកក្រុមហ៊ុន Yunnan ចិន លោក Lu Guo Bing បានអោយដឹងនៅក្នុងកិច្ចពិភាក្សាមួយ ជាមួយ អភិបាលខេត្តព្រះសីហនុនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នេះថា ក្រុមហ៊ុនមានគោលបំណងវិនិយោគលើប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ស្របពេលដែលខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន ទាមទារនូវហេដ្ឋារចនាសម្ពន្ធជាច្រើន ពិសេសប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ ដើម្បីលើកកម្ពស់សោភណ័ភាព បរិស្ថានទីក្រុងពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ។
លោកបន្តថា ក្រុមហ៊ុនលោកបានមកសិក្សាខ្លះៗនូវប្រព័ន្ធលូទាំងពីរប្រភេទនេះ នៅក្រុងព្រះសីហនុ តាំងពីឆ្នាំ២០១៣ ក៏ប៉ុន្តែមិនទាន់បានលម្អិត និងស៊ីជម្រៅ ប្រសិនជារដ្ឋបាលខេត្តអនុញ្ញាតិ ក្រុមហ៊ុន លោកនឹងសិក្សាប្លង់លម្អិត ដើម្បីដាក់ជូនរដ្ឋបាលខេត្ត ធ្វើការពិនិត្យ ។
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានស្វាគមន៍គម្រោងវិនិយោគប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ក៏ប៉ុន្តែក្រុមហ៊ុនត្រូវមានផែនការ គម្រោងប្លង់គោល ថាតើ មានប្រព័ន្ធលូទឹកភ្លៀងប៉ុន្មានគីឡូម៉ែត្រ លូទឹកកខ្វក់ប៉ុន្មានគីឡូម៉ែត្រ ទំហំលូ មុខកាត់ប៉ុន្មានម៉ែត្រ ស្ថានីយចម្រោះប៉ុន្មានកន្លែង បំពាក់ម៉ាស៊ីនក្នុងអាងចម្រោះ ហើយការសាងសង់រយះពេលប៉ុន្មានខែ ឆ្នាំ និងតម្លៃ ដើម្បីរដ្ឋបាលខេត្តយកដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យ វាយតម្លៃ អនុម័ត ។
លោកអភិបាលខេត្ត ស្នើរឱ្យក្រុមហ៊ុនសិក្សាឱ្យបានចប់មុនថ្ងៃ២៧ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បីយកទៅដាក់ជូនក្រសួងសេដ្ឋកិច្ច សិក្សាវាយតម្លៃថា តើគម្រោងនេះអាចទទួលយកបាន ឬមិនបានតាមលក្ខណជាក់ស្តែង ដើម្បីកែលម្អសោភ័ណភាពបរិស្ថានក្រុងទេសចរណ៍នាទិសនិរតី ៕