ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៤ ខែសីហា នេះ លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ព្រមទាំងលោក លោកស្រី សមាជិក នៃគណៈកម្មាធិការសាខា អនុសាខាស្រុក អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់ដៃប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅភូមិណងបួរ ឃុំណងឃិលឹក ស្រុកកោះញែក។
នាឱកាសនោះលោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ជាជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។
បន្ទាប់មកលោក ស្វាយ សំអ៊ាង ក៏បានមានប្រសាសន៍ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះសត្វអសិរពិសទាំងឡាយ ប្រសិនបើមានពស់ចឹក សូមទៅមន្ទីរពេទ្យ ដើម្បីទទួលបានការព្យាបាលឱ្យបានទាន់ពេលវេលា ហើយត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាពកូនចៅតូចៗ កុំឱ្យលេងទឹក ដើម្បីបញ្ជៀសការលង់ទឹក ហើយពេលទឹកស្រកទៅវិញសូមបងប្អូនប្រជាពលរដ្ឋ ត្រូវត្រៀមពូជដំណាំ និងត្រូវសហការជាមួយស្ថាប័នជំនាញ ដើម្បីស្តារកសិកម្មឡើងវិញ។
ក្រោយមកទៀតលោក ស្វាយ សំអ៊ាង បានណែនាំដល់មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវសហការគ្នា យកចិត្តទុកដាក់ជួសជុលលើបញ្ហាហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីធ្វើយ៉ាងណាជួយសម្រួលការធ្វើដំណើរទៅមកមានលក្ខណៈងាយស្រួល។
សូមបញ្ជាក់ថាអំណោយកាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២៤៩គ្រួសារ ក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន៕