ខេត្តមណ្ឌលគិរី៖ បេក្ខជនបេក្ខនារីដែលត្រៀមប្រឡងមធ្យមទុតិយភូមិចំនួន២៤១នាក់បានជួបជុំគ្នាហូបអាហារសាមគ្គីយ៉ាងសប្បាយរីករាយនៅភោជនីយដ្ឋានពេជ្រដានាល្ងាចថ្ងៃទី១៨ខែសីហាឆ្នាំ២០១៩ ក្រោយវត្តមានលោកឧកញ៉ា អ៊ឹង ស៊ីតាវិរៈ ជំនួយការផ្ទាល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ។
លោក ស្វាយសំអ៊ាងអភិបាលខេត្តមណ្ឌលគិរីមានប្រសាសន៍ថាចំនួនសិស្សដែលត្រូវចូលរួមប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះគឺមានការកើនឡើងជាបន្តបន្ទាប់ដូច្នេះ តម្រូវការកន្លែងស្នាក់នៅគឺពិតជាចាំបាច់ខ្លាំងណាស់សម្រាប់បេក្ខជនបេក្ខនារីជាពិសេសសិស្សានុសិស្សក្រីក្រដែលមកពីឆ្ងាយ។ដោយឡែកសម្រាប់សប្បុរជនដែលបានចូលរួមជួយឧបត្ថម្ភបន្ទប់ស្នាក់នៅដល់បេក្ខជនក្រីក្រខ្វះខាតកន្លែងស្នាក់នៅគឺជាការលើកទឹកចិត្តដ៏ធំធេងចំពោះពួកគេគាត់។
លោកអភិបាលខេត្ត បានកោតសសើរដល់បណ្តាលសប្បុរជនទាំងអស់ដែលបានជួយរំលែកការលំបាកដល់សិស្សក្រីក្រនិងលើកទឹកចិត្តឲ្យមានសកម្មភាពបែបនេះជាបន្តទៀតនៅឆ្នាំក្រោយៗ។
ស្ថិតនៅក្នុងពិធីហូបអាហារសាមគ្គីជុំគ្នារវាងថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី លោកឧកញ៉ា អ៊ឹងស៊ីតាតវីរៈ ក៏បានឧបត្ថម្ភដល់បេក្ខជនប្រឡងចំនួន២៤១នាក់ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៨០.០០០រៀល ហើយបើមានបេក្ខជនណាអាចប្រឡងយកនិទ្ទេសAនាសម័យប្រឡង លោកឧកញ៉ានឹងលើកទឹកចិត្តឧបត្ថម្ភម៉ូតូថ្មីមួយគ្រឿងបន្ថែមទៀតទោះបីជាប់ប៉ុន្មាននាក់ក៏ដោយ៕ដោយ៖សំ រេច