ខេត្តមណ្ឌលគិរី៖វេលាម៉ោង៧នឹង០០នាទី កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ព្រឹកមិញនេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញ កាត់បើកហិបវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ នៅទូទាំងប្រទេស សម្រាប់ឆ្នាំ២០១៨-២០១៩ នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ។
បើតាមការលើកឡើងរបស់លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងថា ការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ គឺមានរយៈពេល២ថ្ងៃ មានមណ្ឌលប្រឡងថ្នាក់វិទ្យសាស្រ្តចំនួន៤៣នាក់ និងថ្នាក់វិទ្យាសាស្រ្តសង្គមចំនួន ៣៥៨នាក់ ហើយបេក្ខជនទាំងអស់មកពីវិទ្យាល័យក្រុង/ស្រុកទាំង៥ទូទាំងខេត្ត សរុបចំនួន៤០១នាក់ ស្រី២២១ នាក់ ស្មើនឹង១៧បន្ទប់ និង មានអនុរក្ស៣៨នាក់។
នាឱកាសនោះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា សិស្សនឹងធ្លាក់ដោយស្វ័យប្រវត្តិ ប្រសិនបើពួកគេធ្វើល្មើសលក្ខខណ្ឌមួយចំនួន ដែលក្រសួងបានកំណត់ ដូចជា៖ លួចយកសៀវភៅ សំណៅឯកសារ លូចចម្លង ប្រើទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗនៅក្នុងមណ្ឌលប្រឡង និងបើសិនពិនិត្យឃើញថា សន្លឹកកិច្ចរបស់ បេក្ខជន អង្គុយជិតគ្នា មានខ្លឹមសារដូចគ្នា រកឃើញថាលួចចម្លងគ្នា ឬ សន្លឹកកិច្ចមានខ្លឹមសារដូចគ្នាទាំងស្រុងទៅនឹងសំណៅឯកសារដែលសរសេរទុកមុនឬដូចទៅនឹងឯកសារបង្ហោះតាមហ្វេសប៊ុកជាដើម។
លោកអភិបាលខេត្តបានបន្តថា ការផ្តល់សន្លឹកកិច្ចការទៅមិត្តភក្តិចម្លងបោះ ឯកសារទៅក្រៅបន្ទប់ប្រឡង ធ្វើជាមេខ្លោង ក្នុងការប្រមូលលុយឲ្យគ្រូ យកអាវុធជាតិផ្ទុះចូលក្នុងបន្ទប់ប្រឡង ឲ្យអ្នកដទៃប្រឡងជំនួស ឬ ធ្វើឲ្យខូចខាតឧបករណ៍ សម្ភារៈក្នុងបន្ទប់ប្រឡង និងធ្វើឲ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយ ឬធ្វើជាឃ្លីបរៀបចំចម្លើយ និងបង្ករបួសស្នាមទៅលើមន្រ្តីអនុរក្ស រាល់ចំណុចទាំងអស់ខាងលើ ត្រូវធ្លាក់ដោយស្វ័យប្រវត្តិហើយត្រូវប្រឈមមុខនិងច្បាប់។
លោកអភិបាលខេត្តបានបន្តទៀតលក្ខខណ្ឌនេះ មិនមែនដាក់រឹតបន្តឹងតែលើបេក្ខជនប្រឡងនោះទេ បុគ្គលិកសិក្សារបស់ក្រសួងអប់រំដែលទៅធ្វើជាអនុរក្សក្នុងការប្រឡង ក៏មានលក្ខខណ្ឌដែរ ហើយបើធ្វើខុសនឹងប្រឈមការពិន័យ និងបញ្ឈប់ពីការងារ៕